ព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ (BarCamp Prey Veng 2018) កំពុងស្វែងរកវាគ្មិន (Speakers) ដែលមានបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យា ពាណិជ្ជកម្ម និងសហគ្រិនភាព ការច្នៃប្រឌិត និងអាជីពការងារ ជាដើម ដើម្បីធ្វើបទបង្ហាញជូនអ្នកចូលរួមនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងបរិវេណនៃសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។
ដើម្បីក្លាយជាវាគ្មិន (Speaker) ក្នុងព្រឹត្តិការណ៍បារខែមព្រៃវែង នៅពេលខាងមុខនេះ លោកអ្នកត្រូវស្នើសុំដាក់ប្រធានបទដែលលោកអ្នកគិតថាមានប្រយោជន៍សម្រាប់អ្នកចូលរួម ឬក៏ប្រធានបទដែលទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗជាដើម ទៅកាន់គណៈកម្មការរៀបចំព្រឹត្តិការណ៍បារខែមព្រៃវែង តាមរយៈតំណភ្ជាប់នៅខាងក្រោមនៃអត្ថបទនេះ។
លោកអ្នកត្រូវរៀបចំប្រធានបទរបស់លោកអ្នកក្នុងរយៈពេល ១ម៉ោងសម្រាប់ប្រធានបទមួយ ក្នុងនោះរយៈពេល ៥០នាទីសម្រាប់ធ្វើបទបង្ហាញ និង ១០នាទីចុងក្រោយសម្រាប់អ្នកចូលរួមសួរសំណួរ និងឆ្លើយសំណួរពួកគាត់វិញ។ លោកអ្នកអាចជ្រើសរើសពីម៉ោង ១២:០០នាទីថ្ងៃត្រង់ដល់ម៉ោង ៥:០០នាទីល្ងាចសម្រាប់ថ្ងៃទី១៥ ខែកញ្ញា និងជ្រើសរើសពីម៉ោង ៨:៣០នាទីព្រឹកដល់ម៉ោង ៥:០០នាទីល្ងាចសម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
គណៈកម្មការនៃព្រឹត្តិការណ៍បារខែម នឹងជ្រើសរើសប្រធានបទ បន្ទាប់មកនឹងជូនដំណឹងដល់លោកអ្នកវិញ ថាតើប្រធានបទរបស់លោកអ្នក ត្រូវបានគណៈកម្មការជ្រើសរើស និងអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ ខាងមុខនេះដែរឬអត់?
អានអត្ថបទផ្សេងទៀត៖
- ព្រឹត្តិការណ៍បារខែមព្រៃវែងលើកដំបូង នឹងប្រារព្ធនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៨
- ៦ចំណុចជួយការពារទូរស័ព្ទស្មាតហ្វូនរបស់អ្នកឲ្យកាន់តែមានសុវត្ថិភាព
- តើពាក្យសម្ងាត់របស់អ្នកមានសុវត្ថិភាពខ្ពស់ឬនៅ?
តើព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ ជាព្រឹត្តិការណ៍អ្វី?
ព្រឹត្តិការណ៍បារខែម (BarCamp) ឬហៅថាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានគោលបំណងចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនងរវាងអ្នកចូលរួម និងវាគ្មិន ដែលមានប្រធានបទទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ការចាប់ផ្ដើមជំនួញ សហគ្រិនភាព អាជីពការងារ រចនា និងច្នៃប្រឌិតសម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗទៀតដូចជា ជ្រើសរើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់ពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិមិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម។ល។
ព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ គឺមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយក្រុមហ៊ុនសេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនសេវាអ៊ីនធឺណិត EZECOM ព្រមទាំងរៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនវិស័យរួមគ្នា។
សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីបំពេញព័ត៌មានរបស់អ្នក អំពីប្រធានបទដែលលោកអ្នកចង់ដាក់ស្នើសុំចូលរួមធ្វើបទបង្ហាញក្នុងព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ និងផ្ដល់តំណភ្ជាប់ទៅកាន់រូបថតរបស់លោកអ្នក ក៏ដូចជាវែបសាយ (Website) ឬក៏ប្លុក (Blog) ផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ។
តំណភ្ជាប់ចុះឈ្មោះជាវាគ្មិនក្នុងព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ (BarCamp Prey Veng)៖
ព័ត៌មានបន្ថែម សូមទាក់ទងអ្នកសម្របសម្រួលកម្មវិធីបារខែមព្រៃវែង ២០១៨៖
- អ្នកនាង ជា ម៉ារ៉ា
- ទូរស័ព្ទលេខ: ០១៧ ៦៦៩ ៨៨១
- អ៊ីមែល:
- Website: BarCamp Cambodia
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕