BarCamp ASEAN 2019 នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​តុលា

2657
ព្រឹត្តិការណ៍​បារខែម​អាស៊ាន ២០១៩ (BarCamp Asean 2019)។ (Photo/BarCamp)
ព្រឹត្តិការណ៍​បារខែម​អាស៊ាន ២០១៩ (BarCamp Asean 2019)។ (Photo/BarCamp)

បារខែម​អាស៊ាន​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ហើយ! ឆ្នាំ​២០១៩ នេះ បារខែម​អាស៊ាន (BarCamp ASEAN 2019) នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​តុលា នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ចាប់​ពី​ម៉ោង ៧:០០​នាទី​ព្រឹក​ដល់​ម៉ោង ៥:០០​នាទី​រសៀល។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ចូលរួម​កម្មវិធី​នេះ សូម​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​នេះ «ចុះ​ឈ្មោះ​ចូលរួម» ដោយ​ឥត​គិត​ថ្លៃ ជាពិសេស​ទៅ​ទៀត​នោះ លោក​អ្នក​អាច​នឹង​មាន​ឱកាស​ទទួល​បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​មួយ​ថែម​ទៀត​ផង។

ឆ្នាំ​នេះ​ជា​លើក​ទី​បួន​ហើយ ដែល​បារខែម​អាស៊ាន​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​កម្ពុជា។ ប្រធានបទ​ដែល​កម្មវិធី​ផ្ដោត​សំខាន់​នោះ​គឺ «Together Towards A Digital Future» ដែល​នឹង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដោយ​សម្លឹង​មើល​ទៅ​អនាគត​នៃ​វិស័យ​ឌីជីថល​រួម​មាន សេដ្ឋកិច្ច​ឌីជីថល (Digital Economy) ពលរដ្ឋ​ឌីជីថល (Digital Citizenship) និង​ឧស្សាហកម្ម ៤.០ (Industry 4.0)។

កាល​ពី​ឆ្នាំ​២០១៨ កន្លង​ទៅ បារខែម​អាស៊ាន​ដែល​ប្រារព្ធ​នៅ​កម្ពុជា បាន​ជាប់​ជា​បារខែម​ដែល​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១០០០០​នាក់ (១​ម៉ឺន​នាក់) ១០០០​ក្រុមហ៊ុន (១​ពាន់​ក្រុមហ៊ុន) និង​មាន​វាគ្មិន ១០០​នាក់​ជាមួយ​នឹង ១០០​ប្រធានបទ ដែល​បាន​បំបែក​កំណត់ត្រា​បារខែម​យ៉ាំងហ្គោន (Barcamp Yangon) នៅ​ឆ្នាំ​២០១៣។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បារខែម​អាស៊ាន​នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា​ក៏ដោយ កម្មវិធី​ពីរ​ថ្ងៃ​នៃ​បារខែម​អាស៊ាន ២០១៩ នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ជាង ១​ម៉ឺន​នាក់ មាន​វាគ្មិន​ជាង ១០០​នាក់ ក្រុមហ៊ុន​ចូលរួម​តាំង​ពិព័រណ៍​ជាង ៥០​ស្ថាប័ន ក្រុមហ៊ុន startup និង ASEAN tech ជាង ១០០​ស្ថាប័ន ព្រម​ទាំង​មាន​ដៃគូ​នៃ​កម្មវិធី និង​អ្នក​ស្ម័គ្រចិត្ត​ជាង ១០០​នាក់​ផ្សេង​ទៀត។

ការ​តាំង​ពិព័រណ៍​នៅ​ក្នុង​កម្មវិធី​បារខែម​អាស៊ាន (BarCamp Asean) នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) កាល​ពី​ឆ្នាំ​២០១៨។ (Photo/BarCamp)
ការ​តាំង​ពិព័រណ៍​នៅ​ក្នុង​កម្មវិធី​បារខែម​អាស៊ាន (BarCamp Asean) នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) កាល​ពី​ឆ្នាំ​២០១៨។ (Photo/BarCamp)

តើ​បារខែម​អាស៊ាន (BarCamp ASEAN) ជា​អ្វី?

បារខែម​អាស៊ាន ២០១៩ គឺ​ជា​ការ​ជួបជុំ​រវាង​បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម អ្នក​ជំនាញ និង​អ្នក​មាន​ទេពកោសល្យ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​សិស្ស​និស្សិត អាជីវកម្ម​ធុន​តូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុន​នានា និង​មហាជន​ទូទៅ​អំពី​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការ​ច្នៃប្រឌិត និង​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់។ល។

ក្រៅ​ពី​នេះ ព្រឹត្តិការណ៍​បារខែម​អាស៊ាន​ក៏​នឹង​មាន​ការ​តាំង​ពិព័រណ៍​បង្ហាញ​ផលិតផល និង​សេវាកម្ម និង​ស្នាដៃ​សិស្ស​និស្សិត​កម្ពុជា ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ផង​ដែរ។

ព្រឹត្តិការណ៍​បារខែម​អាស៊ាន ឆ្នាំ​២០១៩ គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ព្រម​ទាំង​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​ទៀត​ផង​ដែរ។

ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី៖

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments