ប្រសិនបើអ្នកជាអ្នកដែលប្រើប្រាស់បច្ចេកវិទ្យាដូចជាកុំព្យូទ័រ អ៊ីនធឺណិត ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតក្ដីសម្រាប់បំពេញការងារ និងនៅក្នុងជីវភាពប្រចាំថ្ងៃ នោះការស្វែងយល់ពីគន្លឹះខ្លីៗ ឬក៏យុទ្ធសាស្ត្រផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យា នឹងធ្វើឲ្យជីវិតរបស់លោកអ្នកមានភាពងាយស្រួល។ គន្លឹះខ្លីៗ ឬយុទ្ធសាស្ត្រល្អៗទាំងនោះ នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពនៃការងាររបស់លោកអ្នកកាន់តែប្រសើរឡើង។
នៅក្នុងអត្ថបទនេះ Tech Khmer សូមលើកយកគន្លឹះល្អៗដំបូងចំនួន ១០ចំណុចដែលទាក់ទងនឹងបច្ចេកវិទ្យា មកបង្ហាញលោកអ្នក។ គន្លឹះទាំងនេះ អ្នកខ្លះក៏ប្រហែលជាដឹងរួចទៅហើយ ប៉ុន្តែវាក៏មិនខាតបង់អ្វីទេដែលយើងរំឭកពួកវាឡើងវិញនោះ។
គន្លឹះទី១៖ វិធីលឿនក្នុងការប្ដូរតួអក្សរពីអក្សរតូចទៅអក្សរធំ ឬពីអក្សរធំទៅអក្សរតូចនៅក្នុងឃ្លាមួយនៅក្នុងកម្មវិធី Microsoft Word ដោយគ្រាន់តែ Select ឃ្លាដែលលោកអ្នកចង់ប្ដូរ រួចចុច Shift + F3 ដើម្បីប្ដូរទៅជា៖
- lowercase (អក្សរតូចទាំងអស់នៅក្នុងឃ្លាដែលលោកអ្នកជ្រើសរើស)
- first letter capitalized (អក្សរធំដំបូងនៅក្នុងឃ្លា)
- និង uppercase (អក្សរធំទាំងអស់នៅក្នុងឃ្លា)។
គន្លឹះទី២៖ ដើម្បីបើក browser tab ដែលអ្នកបានបិទវាដោយចៃដន្យឡើងវិញ សូមចុច
- Ctrl + Shift + T (សម្រាប់ម៉ាស៊ីន Windows)
- និង Cmd + Shift + T (សម្រាប់ម៉ាស៊ីន Mac)។
គន្លឹះទី៣៖ ដើម្បីបង្កើតលេខកូដសម្ងាត់ដែលពិបាកបំផុត សូមប្រើតួអក្សរដែលមិនមែនជាតួអក្សរអង់គ្លេសនៅលើ keyboard របស់លោកអ្នក។
គន្លឹះទី៤៖ វិធីងាយស្រួលដើម្បីពិនិត្យមើលអត្ថបទដែលវែងរបស់អ្នកឡើងវិញ គឺចម្លងវាចូលទៅក្នុង Google Translate រួចហើយស្ដាប់ការអានរបស់កម្មវិធី Google Translate។ ធ្វើរបៀបនេះ អ្នកអាចងាយស្រួលក្នុងការស្វែងរកកំហុសផ្សេងៗ។
គន្លឹះទី៥៖ របៀបងាយស្រួលក្នុងការឆែកមើលអក្ខរាវិរុទ្ធ វេយ្យាករណ៍ ឬស្ទីលនៃការសរសេរអត្ថបទរបស់លោកអ្នក (ភាសាអង់គ្លេស) សូមចម្លងអត្ថបទនោះចូលទៅកាន់វែបសាយ (website) PolishMyWriting.com ដើម្បីត្រួតពិនិត្យ។
គន្លឹះទី៦៖ នៅពេលអ្នកត្រូវឡើងធ្វើបទបង្ហាញនៅក្នុងកម្មវិធីណាមួយ ហើយអ្នករៀបចំឯកសារបទបង្ហាញជាប្រភេទ Power Point សូម Save ឯកសារនោះជាប្រភេទ .PPS (មិនមែន .PPT) ពីព្រោះឯកសារប្រភេទនេះនឹងដំណើរការជា Slideshow តែម្ដងនៅពេលអ្នកចុចបើក។
គន្លឹះទី៧៖ ដើម្បីសាកថ្មទូរស័ព្ទឆាប់ពេញ សូមកំណត់ទូរស័ព្ទរបស់អ្នកជា Airplane Mode: On នៅពេលសាកថ្ម។
គន្លឹះទី៨៖ ចង់ដឹងថាឈ្មោះវែបសាយ (domain name) នៅសល់ឬអត់ និងមានតម្លៃប៉ុន្មាននោះ សូមចូលទៅកាន់វែបសាយ iwantmyname.com រួចបញ្ចូលឈ្មោះ domain ដែលអ្នកចង់បាន និងចុចស្វែងរក។
គន្លឹះទី៩៖ វិធីរហ័សដើម្បីដោះស្រាយទូរស័ព្ទដែលជាប់គាំង សូមដោតវាជាមួយនឹងឆ្នាំងសាកថ្ម។
គន្លឹះទី១០៖ Short cut key ដើម្បី scroll web page គឺ៖
- ចុច Spacebar ដើម្បី scroll ចុះក្រោម
- និងចុច Shift + Spacebar ដើម្បី scroll web page ឡើងលើ។
នៅក្នុងអត្ថបទបន្ទាប់ Tech Khmer នឹងលើកយកគន្លឹះសំខាន់ៗចំនួន ១០ចំណុចទៀតមកបង្ហាញជូនលោកអ្នក។ សូមចែករំលែកអត្ថបទនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នក។
សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕