អ្នកបង្កើត Cut, Copy និង Paste Command សម្រាប់ប្រើប្រាស់នៅក្នុងកុំព្យូទ័រ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។
វេបសាយ The Guardian ចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា លោក Larry Tesler ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដែលបង្កើត Cut, Copy & Paste command បានទទួលមរណភាពកាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
អ្នកវិទ្យាសាស្ត្ររូបនេះបានចាប់ផ្ដើមការងារក្នុងវិស័យកុំព្យូទ័រនៅទសវត្សឆ្នាំ១៩៦០។ លោកធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនល្បីៗរបស់អាមេរិកមួយចំនួនដូចជា ក្រុមហ៊ុន Apple, Amazon និង Yahoo ជាដើម។ មុនពេលលោកត្រូវបានស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ជ្រើសរើសឱ្យចូលធ្វើការជាមួយអស់រយៈពេល ១៧ឆ្នាំ គឺលោកធ្វើការឱ្យក្រុមហ៊ុន Xerox’s Palo Alto Research Center (Parc) ក្នុងតំបន់ Silicon Valley នៃសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Xerox បានសរសេរសារនៅលើបណ្ដាញសង្គម Twitter ដើម្បីចូលរួមរំលែកទុក្ខលោក Larry ថា «អ្នកបង្កើត cut/copy & paste, find & replace និងមុខងារជាច្រើនទៀត គឺជាអតីតអ្នកស្រាវជ្រាវនៃក្រុមហ៊ុន Xerox លោក Larry Tesler។» ក្រុមហ៊ុនបន្ថែមទៀតថា «ការងារប្រចាំថ្ងៃរបស់អ្នកមានភាពងាយស្រួល អរគុណដល់គំនិតច្នៃប្រឌិតរបស់គាត់។»
លោក Larry Tesler កើតនៅឆ្នាំ១៩៤៥ នៅសង្កាត់ Bronx ទីក្រុងញូវញ៉ក (New York) នៃសហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សាមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Stanford រដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕