ក្រុមរ៉ូបូតកម្ពុជា ទទួលបានជយលាភីស្មើនឹងក្រុមរ៉ូបូតមកពីប្រទេសជប៉ុន ក្នុងការប្រកួតប្រជែងរ៉ូបូតជាលក្ខណៈអន្តរជាតិលើកទី១៧ (17th ABU Robocon 2018) ដែលប្រព្រឹត្តទៅនៅខេត្តនីញប៊ីញ ប្រទេសវៀតណាម (Vietnam) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។
ទំព័រហ្វេសប៊ុក (Facebook) របស់ Robocon Cambodia ឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា នេះថា ក្រុមរ៉ូបូតកម្ពុជា បានឈ្នះពានរង្វាន់ចំនួនពីរ គឺពានរង្វាន់លេខ៣ស្ទួនជាមួយនឹងក្រុមរ៉ូបូតប្រទេសជប៉ុន និងទទួលបានពានរង្វាន់កិត្តិយសមួយទៀតពីក្រុមហ៊ុន Panasonic។
ចំពោះក្រុមរ៉ូបូតដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺបានទៅលើប្រទេសវៀតណាម ហើយប្រទេសចិន ទទួលបានចំណាត់ថ្នាក់លេខ២។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ Robocon Cambodia ដដែល។
ក្រុមរ៉ូបូតកម្ពុជា ដែលឈ្នះពានរង្វាន់លេខ៣ស្ទួននេះមានឈ្មោះថា ITC 02 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ក្រុមរ៉ូបូតនេះ ត្រូវបានជ្រើសរើសធ្វើជាតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម បន្ទាប់ពីទទួលបានជយលាភីលេខ១ នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិលើកទី៥ នៅកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កន្លងទៅ។
អានអត្ថបទផ្សេងទៀត៖
- ក្រុមរ៉ូបូតសាលាតិចណូ តំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅវៀតណាម
- Barcamp Prey Veng លើកដំបូងនៅខេត្តព្រៃវែង នឹងប្រារព្ធនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៨
- តើពាក្យសម្ងាត់របស់អ្នកមានសុវត្ថិភាពហើយឬនៅ?
កម្មវិធីប្រកួតប្រជែងរ៉ូបូត ABU Robocon 2018 លើកទី១៧ នៅប្រទេសវៀតណាម នេះមាន ១៨ក្រុមចូលរួមប្រកួតប្រជែងដែលមកពី ១៧ប្រទេសរួមមាន៖
- កម្ពុជា (Cambodia)
- អ៊ីរ៉ង់ (Iran)
- នេប៉ាល់ (Nepal)
- ថៃ (Thailand)
- ម៉ាឡេស៊ី (Malaysia)
- ឥណ្ឌា (India)
- ឥណ្ឌូនេស៊ី (Indonesia)
- វៀតណាម (Vietnam)
- ហ្វីជី (Fiji)
- ស្រីលង្កា (Sri Lanka)
- ចិន (China)
- ជប៉ុន (Japan)
- អេហ្សីប (Egypt)
- ប៉ាគីស្ថាន (Pakistan)
- ហុងកុង (Hong Kong)
- កាហ្សាក់ស្ថាន (Kazakhstan)
- និងប្រទេសម៉ុងហ្គោលី (Mongolia)។
នេះជាឆ្នាំទី២ របស់កម្ពុជា ដែលបានចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ បន្ទាប់ពីបានចូលរួមប្រកួតនៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៧។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕