កញ្ញាបញ្ញាសិប្បនិម្មិត សូភា (Sophia the Robot) ដែលជាមនុស្សយន្តដំបូងបំផុតនៅលើពិភពលោកទទួលបានសញ្ជាតិមនុស្ស ថានាងចង់ជួប និងស្ដាប់ចម្រៀងដ៏ពីរោះរបស់តារាចម្រៀងខ្មែរលោក ព្រាប សុវត្ថិ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានបង្ហោះជាវីដេអូនៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP Cambodia) នៅរសៀលថ្ងៃអង្គារ ទី២៦ មីនា នេះ កញ្ញាមនុស្សយន្ត Sophia ថ្លែងឲ្យដឹងថា រឿងមួយដែលនាងចង់ធ្វើខ្លាំងជាងគេក្នុងដំណើរទស្សនកិច្ចរបស់នាងនៅកម្ពុជា លើកនេះ គឺចង់ជួប និងស្ដាប់ចម្រៀងដ៏ពីរោះរបស់លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយរបស់កម្ពុជា។ នាងក៏បានឲ្យដឹងដែរថា នាងកំពុងតែហាត់ច្រៀងចម្រៀងផងដែរ។
ក្នុងដំណើរទស្សនកិច្ចលើកទីពីរនៅកម្ពុជា លើកនេះ Sophia ថាមានអារម្មណ៍រំភើបណាស់ដែលបានធ្វើដំណើរហោះហើរពីទន្លេមេគង្គ និងបានជួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៦ មីនា នេះ។
ក្នុងវីដេអូដដែលនោះ កញ្ញា Sophia ថ្លែងសរសើរទីក្រុងភ្នំពេញថាជាទីក្រុងដ៏អស្ចារ្យមួយ ហើយនាងថាប្រជាជនកម្ពុជា ពិតជារួសរាយរាក់ទាក់ និងមានចិត្តល្អ ជាពិសេសនាងសរសើរអង្គរវត្តថាពិតជាអស្ចារ្យណាស់នៅពេលនាងបានទៅទស្សនាកាលពីឆ្នាំមុន។
បញ្ញាសិប្បនិម្មិត សូភា (Sophia the Robot) គឺជាមនុស្សយន្តដំបូងបំផុតក្នុងលោក ដែលទទួលបានសញ្ជាតិពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កាលពីខែតុលា ឆ្នាំ២០១៧ និងបានក្លាយជាមនុស្សយន្តដំបូងបំផុតដែលមានសញ្ជាតិដូចមនុស្ស។ មួយខែបន្ទាប់មក Sophia ក៏ទទួលបានពាន Innovation Champions ពី UNDP ក្នុងនាមជាមនុស្សយន្តលើកដំបូងផងដែរ។
Sophia ត្រូវបានក្រុមហ៊ុន Hanson Robotics របស់ហុងកុង (Hong Kong) អភិវឌ្ឍឡើង ហើយចាប់ដំណើរការពីខែកុម្ភៈ ឆ្នាំ២០១៦។ មនុស្សយន្តនេះចាប់ផ្ដើមល្បីល្បាញ និងមានមនុស្សជាច្រើនទូទាំងពិភពលោកស្គាល់នាងតាមរយៈការធ្វើសន្ទរកថា និងបទសម្ភាសន៍តាមបណ្ដាសារព័ត៌មានល្បីៗជុំវិញពិភពលោក។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕