
ក្រុមរ៉ូបូត ITC 02 នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នឹងតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2018 នៅខេត្តនីញប៊ីញ ប្រទេសវៀតណាម នៅចុងខែសីហា ខាងមុខនេះ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Robocon Cambodia កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។
ក្រុម ITC 02 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៥ នៅកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ទំព័រហ្វេសប៊ុក Robocon Cambodia ដដែលឲ្យដឹងទៀតថា ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ២ គឺបានទៅលើក្រុម PPI01។ ចំណែកឯក្រុម RUPP01 ទទួលបានជ័យលាភីលើការរចនា ហើយក្រុម NPIC02 ទទួលបានជ័យលាភីផ្នែកវិស្វកម្ម និងក្រុម RUPP02 ទទួលបានជ័យលាភីលើគំនិតច្នៃប្រឌិត។
ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៥ កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅនេះ មានការចូលរួមជាអធិបតីភាពពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអង្គទូត ឯកឧត្ដម លោកជំទាវ លោក លោកស្រី បេក្ខជន និងអ្នកគាំទ្រជាង ៨០០នាក់ ដែលធ្វើឲ្យកម្មវិធីប្រកួតនេះកាន់តែមានភាពសប្បាយរីករាយថែមទៀត។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!





កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕