កញ្ញាមនុស្សយន្តដ៏ឆ្លាតវៃដែលមានសញ្ជាតិអារ៉ាប៊ីសាអូឌីត (Saudi Arabia) ឈ្មោះ សូភា (Sophia the Robot) នឹងមានវត្តមាននៅក្នុងកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក (Facebook) របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅម៉ោង ៦ និង ៣០នាទីល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនា នេះ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឲ្យដឹងថា UNDP Cambodia នឹងមានកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួន (Facebook LIVE) រវាង Sophia ដែលជាមនុស្សយន្ត ឬបញ្ញាសិប្បនិម្មិតឆ្លាតវៃបំផុត និង UNDP នៅល្ងាចថ្ងៃអង្គារ ទី២៦ មីនា ចាប់ពីម៉ោង ៦ និង ៣០នាទី។
កាលពីព្រឹកថ្ងៃអង្គារ នេះ កញ្ញា Sophia the Robot ក៏បានចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ និងបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគារ The Great Duke Phnom Penh។ នៅក្នុងសន្និសីទនោះ កញ្ញាមនុស្សយន្តដែលពាក់អាវសម្គាល់ជាមន្ត្រីរបស់ UNDP ដោយបង់កក្រមាខ្មែរ បានថ្លែងនៅពីមុខប្រមុខរដ្ឋាភិបាល និងមន្ត្រីរបស់កម្ពុជា យ៉ាងខ្លីជាភាសាអង់គ្លេស និងមានន័យជាភាសាខ្មែរថា កញ្ញាសន្យាចូលរួមសហការទាក់ទងនឹងការប្រែប្រួលឌីជីថលនៅកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលបាននាំបញ្ញាសិប្បនិម្មិតកញ្ញា សូភា (Sophia the Robot) មកចូលរួមក្នុងសន្និសីទនៅប្រទេសកម្ពុជា ដើម្បីបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល (Digital)។
បញ្ញាសិប្បនិម្មិត សូភា (Sophia the Robot) ត្រូវបានរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ផ្ដល់សញ្ជាតិឲ្យកាលពីខែតុលា ឆ្នាំ២០១៧ និងបានក្លាយជាមនុស្សយន្តដំបូងបំផុតដែលមានសញ្ជាតិដូចមនុស្ស។ មួយខែបន្ទាប់មក Sophia ក៏ទទួលបានពាន Innovation Champions ពី UNDP ក្នុងនាមជាមនុស្សយន្តលើកដំបូងផងដែរ។
Sophia ត្រូវបានក្រុមហ៊ុន Hanson Robotics របស់ហុងកុង (Hong Kong) អភិវឌ្ឍឡើង ហើយចាប់ដំណើរការពីខែកុម្ភៈ ឆ្នាំ២០១៦។ មនុស្សយន្តនេះចាប់ផ្ដើមល្បីល្បាញ និងមានមនុស្សជាច្រើនទូទាំងពិភពលោកស្គាល់នាងតាមរយៈការធ្វើសន្ទរកថា និងបទសម្ភាសន៍តាមបណ្ដាសារព័ត៌មានល្បីៗជុំវិញពិភពលោក។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕