នៅល្ងាចថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី១៤ ខែមេសា Facebook, Instagram និង WhatsApp មានបញ្ហារអាក់រអួលជាថ្មីម្ដងទៀត ដែលអ្នកប្រើប្រាស់ស្ទើរពេញពិភពលោក ពិបាកក្នុងការដំណើរការកម្មវិធីទាំងនេះ។
បើតាមវេបសាយ Down Detector ឲ្យដឹងថា បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) បានចាប់ផ្ដើមជួបបញ្ហាបច្ចេកទេសនៅម៉ោងប្រហែល ៥:៣០នាទី (ម៉ោងនៅកម្ពុជា) ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់របស់ខ្លួនទូទាំងពិភពលោក។
ចំណែកកម្មវិធី Instagram និង WhatsApp ដែលជាផលិតផលរបស់ក្រុមហ៊ុនហ្វេសប៊ុកដែរនោះ ក៏ជួបប្រទះនឹងការពិបាកចូលទៅប្រើប្រាស់ដែរ ដោយកម្មវិធីទាំងនេះមិនបានបង្ហាញនូវមាតិកានៅលើ News Feed និងមិនបញ្ជូនសាររបស់អ្នកប្រើប្រាស់ឡើយ។
ផែនទីអនឡាញរបស់វេបសាយ Down Detector បានបង្ហាញថា អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook, Instagram និង WhatsApp នៅប្រទេសកាណាដា (Canada) សហរដ្ឋអាមេរិក (the United States) ប្រទេសថៃ (Thailand) ប្រទេសឥណ្ឌូនេស៊ី (Indonesia) ប្រទេសម៉ាឡេស៊ី (Malaysia) ប្រទេសសិង្ហបុរី (Singapore) ប្រទេសឥណ្ឌា (India) និងប្រទេសហ្វីលីពីន (Philippines) ជួបនឹងបញ្ហានេះ។
ទោះបីជាប្រទេសកម្ពុជា មិនត្រូវបានវេបសាយ Down Detector បង្ហាញនៅលើផែនទីអនឡាញរបស់ខ្លួនអំពីបញ្ហានេះក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា នៅល្ងាចថ្ងៃនេះ នៅលើ News Feed របស់ហ្វេសប៊ុក Instagram មិនបានទាញបង្ហាញព័ត៌មានថ្មីៗអំពីអ្នកប្រើប្រាស់ប៉ុន្មានទេ ទោះបីជាយើង Refresh វាជាញឹកញាប់ក៏ដោយ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕