ព្រឹត្តិការណ៍បារខែម (BarCamp) ២០១៨ ឬហៅថា សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម នឹងប្រារព្ធធ្វើនៅក្នុងបរិវេណសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម ដែលមានឈ្មោះថា បារខែមកំពង់ចាម (BarCamp Kampongcham)។
បារខែមកំពង់ចាម មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ចាប់ផ្ដើមពីម៉ោង ១រសៀលដល់ម៉ោង ៥ល្ងាច ចំណែកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។
ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ ជាពិសេសអ្នករស់នៅក្នុងខេត្តកំពង់ចាម អាចចូលរួមកម្មវិធីបារខែមនេះដោយសេរី និងមិនគិតថ្លៃឡើយ។ ជាងនេះទៀត លោកអ្នកអាចនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតផងដែរ (អាវមានកំណត់)។
សូមចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់នៅខាងក្រោមនៃអត្ថបទនេះ។
តើព្រឹត្តិការណ៍បារខែមកំពង់ចាម (BarCamp Kampongcham) ជាអ្វី?
ព្រឹត្តិការណ៍បារខែម ឬហៅថាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្ដល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ចែករំលែកចំណេះដឹង បទពិសោធន៍ និងកសាងទំនាក់ទំនងរវាងអ្នកចូលរួម និងវាគ្មិន ដែលមានប្រធានបទទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ការចាប់ផ្ដើមជំនួញ សហគ្រិនភាព អាជីពការងារ រចនា និងច្នៃប្រឌិត សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗទៀតដូចជា ជ្រើសរើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិមិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោង ចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។
ក្រៅពីនេះ នៅមានការតាំងបង្ហាញរបស់ម្ចាស់អាជីវកម្មខ្នាតតូច និងផលិតផល ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗ។
អ្នកចូលរួមនឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញអាជីវកម្ម ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងមុខជំនួញផងដែរ។
កម្មវិធីនេះបានប្រមូលផ្ដុំទៅដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា អាជីវកម្ម និងរចនាច្នៃប្រឌិត មកពីរាជធានីភ្នំពេញ ដែលនឹងធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។
អានអត្ថបទផ្សេងទៀត៖
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅ ACCP
- របៀបឆែកមើលថាតើមានគេលួចហេគចូលគណនីហ្វេសប៊ុករបស់យើងដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកថែមមួយជាន់ទៀត មិនឲ្យហេគឃឺលួចយកបាន
តើអ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
- លោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗ គំនិតថ្មីៗ និងបានជួបអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម
- លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត (អាវមានកំណត់)
- លោកអ្នកនឹងឱកាសភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃទៀតសម្រាប់អាជីវកម្ម និងបណ្ដាញការងារទៅថ្ងៃខាងមុខ
- លោកអ្នកអាចសិក្សារៀនសូត្រ និងយកបទពិសោធន៍ពីវាគ្មិនដែលបានចូលរួមកម្មវិធី
- លោកអ្នកមានឱកាសជួបអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- លោកអ្នកមានឱកាសរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែមក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មីៗ។
បារខែមកំពង់ចាម ២០១៨ មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត EZECOM ព្រមទាំងរៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនវិស័យរួមគ្នា។
ព្រឹត្តិការណ៍បារខែមចុងក្រោយដែលធ្វើនៅឆ្នាំ២០១៨ គឺនៅក្នុងបរិវេណសាកលវិទ្យាល័យមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះថា បារខែមបន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
តំណភ្ជាប់ចុះឈ្មោះ៖
https://barcampkc18.eventbrite.com
ព័ត៌មានបន្ថែម៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕