កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់ឱ្យប្រើប្រាស់ឯកសារ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០»។
បើតាមឯកសារផែនទីបង្ហាញផ្លូវនេះ ឱ្យដឹងថា ការពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍ គឺជាកត្តាគន្លឹះកំណត់ការសម្រេចឱ្យបាននូវទស្សនវិស័យប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកសារផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ នេះ ផ្ដោតលើសសរស្ដម្ភសំខាន់ៗចំនួន ៥ ហើយក្នុងសសរស្ដម្ភនីមួយៗមានរៀបរាប់អំពីគោលដៅដ៏ជាក់លាក់ដែលត្រូវសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣០។
សសរស្ដម្ភទាំង ៥ នៃផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រួមមាន៖
អភិបាលកិច្ច
មានគោលដៅពង្រឹងអភិបាលកិច្ចនៃប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគូសបញ្ជាក់ពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាស្ថាប័នដឹកនាំការសម្របសម្រួលលើការអនុវត្តគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការអប់រំ
មានគោលដៅកសាងធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការបង្កើនចំនួននិស្សិតដែលសិក្សាផ្នែកស្ទែម (STEM) នៅតាមសាកលវិទ្យាល័យឱ្យបានយ៉ាងតិចចំនួន ៥០%។
ការស្រាវជ្រាវនិងអភិវឌ្ឍន៍
មានគោលដៅលើកកម្ពស់ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈការវិនិយោគចំនួន ១% នៃផលិតផលក្នុងស្រុកសរុបទៅលើសកម្មភាពស្រាវជ្រាវ។
កិច្ចសហការនិងបណ្ដាញ
មានគោលដៅពង្រឹងកិច្ចសហការ និងកសាងបណ្ដាញទំនាក់ទំនងក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងឡាយ។
ប្រព័ន្ធអេកូឡូស៊ីសមប្រកប
មានគោលដៅជំរុញប្រព័ន្ធអេកូឡូស៊ីដែលបង្កបរិយាកាសដល់នវានុវត្តន៍ ការលើកកម្ពស់សមត្ថភាពស្រូបទាញក្រុមហ៊ុន ការទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។
ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ នេះ ត្រូវបានរៀបចំឡើងនៅឆ្នាំ២០២១ ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់គណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ព្រមទាំងក្រុមការងារប្រចាំនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
ទាញយកឯកសារ៖