បារខែមអាស៊ានត្រឡប់មកវិញហើយ! តើបារខែមអាស៊ាន ឆ្នាំ២០១៨ (BarCamp ASEAN 2018) មានអ្វីថ្មីខ្លះមកចែករំលែក? តើវាគ្មិនល្បីៗមកពីខាងស្ថាប័នណាខ្លះ ដែលនឹងចូលរួមចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ?
ចម្ងល់ទាំងអស់នេះ នឹងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍បារខែមអាស៊ាន ឆ្នាំ២០១៨ ឬហៅថា សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម (BarCamp ASEAN 2018) នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៥ល្ងាច ក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។
លោកអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ «ចុះឈ្មោះចូលរួម» ដោយឥតគិតថ្លៃ ជាពិសេសទៅទៀតនោះ លោកអ្នកអាចនឹងមានឱកាសទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយថែមទៀតផង។
អានអត្ថបទផ្សេងទៀត៖
- Update WhatsApp ឥឡូវនេះ បើមិនចង់រងគ្រោះដោយការ Hack
- របៀបឆែកមើលថាតើអ្នកត្រូវបានគេលួចទិន្នន័យក្នុងចំណោម ៣០លានគណនីហ្វេសប៊ុកដែរឬអត់
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
តើបារខែមអាស៊ាន (BarCamp ASEAN) ជាអ្វី?
បារខែមអាស៊ាន ២០១៨ គឺជាការជួបជុំរវាងបុគ្គលិកក្រុមហ៊ុន ម្ចាស់អាជីវកម្ម អ្នកជំនាញ និងអ្នកមានទេពកោសល្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សនិស្សិត អាជីវកម្មធុនតូច និងមធ្យម បុគ្គលិកសហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅអំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា សេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និងឌីជីថលក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់។ល។
ឆ្នាំនេះជាលើកទីបីហើយ ដែលបារខែមអាស៊ានត្រូវបានប្រារព្ធឡើងនៅកម្ពុជា។ នៅឆ្នាំនេះ បារខែមអាស៊ាននឹងប្រារព្ធឡើងក្រោមប្រធានបទ «Powering Your Future in Digital Era» ដែលផ្ដោតលើការស្វែងយល់ពីបច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចឌីជីថល ធ្វើឲ្យជីវិតកាន់តែប្រសើរ ជំរុញគំនិតច្នៃប្រឌិត និងជួយប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម។
វាគ្មិនពូកែៗចំនួន ៧៥រូប នឹងចូលរួមធ្វើបទបង្ហាញនូវប្រធានបទចំនួន ៨០ ខុសៗគ្នាទាក់ទងនឹងវិស័យបច្ចេកវិទ្យា សហគ្រិនភាព និងការច្នៃប្រឌិត ដើម្បីផ្លាស់ប្ដូរនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ និងចែករំលែកទៅសហគ្រាសធុនតូច និងមធ្យមសម្រាប់អភិវឌ្ឍអាជីវកម្មរបស់ពួកគេ។
លើសពីនេះទៀត ក្រុមការងារនៃព្រឹត្តិការណ៍បារខែមអាស៊ាន នឹងរៀបចំប្រភេទប្រធានបទទៅតាមជំនាញ រួមមាន ផ្នែកគំនិតច្នៃប្រឌិត សហគ្រិនភាព និងការចាប់ផ្ដើមអាជីវកម្ម បង្កើតមាតិកាឌីជីថល អភិវឌ្ឍហ្គេម និងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ នេះបើតាមការផ្សព្វផ្សាយរបស់ព្រឹត្តិការណ៍បារខែមអាស៊ាន។
ក្រៅពីនេះ ព្រឹត្តិការណ៍បារខែមអាស៊ានក៏នឹងមានការតាំងពិព័រណ៍បង្ហាញផលិតផល និងសេវាកម្ម និងស្នាដៃសិស្សនិស្សិតកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ។
ព្រឹត្តិការណ៍បារខែមអាស៊ាន ឆ្នាំ២០១៨ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបណ្ដាក្រុមហ៊ុនជាច្រើនទៀតផងដែរ។
ចុះឈ្មោះចូលរួមកម្មវិធី៖
https://barcampasean2018.eventbrite.com
ព័ត៌មានបន្ថែម៖
- លេខទូរស័ព្ទ៖ ០១០ ៣០៧ ៥៧៥
- អ៊ីមែល៖
- វែបសាយ៖ https://barcamp.asia
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!