ព្រឹត្តិការណ៍បារខែមព្រៃវែង (BarCamp Prey Veng) លើកដំបូង នឹងប្រារព្ធនៅថ្ងៃទី១៥–១៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ព្រឹត្តិការណ៍បារខែម ឬសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម នឹងត្រូវធ្វើនៅក្នុងបរិវេណនៃសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងខេត្តព្រៃវែង។
ទំព័រហ្វេសប៊ុក (Facebook) របស់ព្រឹត្តិការណ៍បារខែមព្រៃវែង ឲ្យដឹងថា ព្រឹត្តិការណ៍បារខែមព្រៃវែង ២០១៨ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងមានរយៈពេលពីរថ្ងៃនេះ គឺចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។
ចំពោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍ ជាពិសេសអ្នករស់នៅក្នុងខេត្តព្រៃវែង ផ្ទាល់តែម្ដង អាចចូលរួមកម្មវិធីបារខែមនេះដោយសេរី និងមិនគិតថ្លៃឡើយ។ ជាងនេះទៀត លោកអ្នកអាចនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតផងដែរ (អាវមានកំណត់) ប៉ុន្តែត្រូវចុះឈ្មោះជាមុនសិនតាមតំណភ្ជាប់ខាងក្រោមនៃអត្ថបទនេះ។
តើព្រឹត្តិការណ៍បារខែមព្រៃវែង (BarCamp Prey Veng) ជាអ្វី?
ព្រឹត្តិការណ៍បារខែម ឬសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម មានគោលបំណងចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនងរវាងអ្នកចូលរួម និងវាគ្មិន ដែលមានប្រធានបទទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ការចាប់ផ្ដើមជំនួញ សហគ្រិនភាព អាជីពការងារ រចនា និងច្នៃប្រឌិត សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗទៀតដូចជា ជ្រើសរើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិមិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោង ចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។
ក្រៅពីនេះ ព្រឹត្តិការណ៍ក៏នឹងនៅមានការតាំងបង្ហាញរបស់ម្ចាស់អាជីវកម្មខ្នាតតូច និងផលិតផល ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗផងដែរ។
អ្នកចូលរួមនឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញអាជីវកម្ម ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងមុខជំនួញផងដែរ។
ទំព័រហ្វេសប៊ុកនៃបារខែមព្រៃវែង បញ្ជាក់ថា កម្មវិធីនេះបានប្រមូលផ្ដុំទៅដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា អាជីវកម្ម និងរចនាច្នៃប្រឌិតនៅរាជធានីភ្នំពេញ ដែលនឹងធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។
អានអត្ថបទផ្សេងទៀត៖
- កម្មវិធីទូរស័ព្ទដែលតម្រង់ទិស និងប្រឹក្សាអំពីជំនាញដល់សិស្សដោយផ្អែកលើមុខវិជ្ជាដែលខ្លួនពូកែ
- អ្នកជាប់បាក់ឌុបគ្រប់សម័យប្រឡង អាចទៅទទួលយកសញ្ញាបត្របានហើយ
- ៦ចំណុច ការពារទូរស័ព្ទរបស់អ្នកឲ្យកាន់តែមានសុវត្ថិភាព
តើអ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
- ទទួលបានចំណេះដឹងថ្មីៗ គំនិតថ្មីៗ និងបានជួបអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម
- ទទួលបានអាវយឺតដ៏ស្រស់ស្អាត (អាវមានកំណត់) និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតពីអ្នកឧបត្ថម្ភកម្មវិធីផ្សេងៗទៀត
- ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃទៀតសម្រាប់អាជីវកម្ម និងបណ្ដាញការងារទៅថ្ងៃខាងមុខ
- អ្នកអាចសិក្សារៀនសូត្រ និងយកបទពិសោធន៍ពីវាគ្មិនដែលបានចូលរួមកម្មវិធី
- អ្នកនឹងមានឱកាសជួបអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- អ្នកនឹងមានឱកាសរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែមក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មីៗ។
បារខែមព្រៃវែង ២០១៨ មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត EZECOM ព្រមទាំងរៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនវិស័យរួមគ្នា។
ព្រឹត្តិការណ៍បារខែមចុងក្រោយដែលធ្វើនៅឆ្នាំ២០១៨ គឺធ្វើនៅក្នុងបរិវេណសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម ដែលមានឈ្មោះថា បារខែមកំពង់ចាម ២០១៨ (BarCamp Kampong Cham 2018) កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។
តំណភ្ជាប់ចុះឈ្មោះ៖
https://barcamppv18.eventbrite.com
ព័ត៌មានបន្ថែម៖
- លេខទូរស័ព្ទ៖ ០១០ ៣០៧ ៥៧៥
- អ៊ីមែល៖
- វែបសាយ៖ http://www.barcampcambodia.org
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕