នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ (Anti Cyber Crime Department, ACCD) បានជូនដំណឹងដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ទូរស័ព្ទឆ្លាតវៃ ជាពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) អំពីការឆបោកតាមរយៈតំណភ្ជាប់ (Link) ដែលតម្រូវឲ្យផ្លាស់ប្ដូរអ៊ីមែល និងពាក្យសម្ងាត់ (password)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ថា សូមពលរដ្ឋទាំងអស់យកចិត្តទុកដាក់ចំពោះសារអ៊ីមែល សារតាមទូរស័ព្ទដៃ សារតាមហ្វេសប៊ុក ឬក៏សារតាមកម្មវិធីផ្សេងៗទៀតដែលតម្រូវឲ្យលោកអ្នកចុចលើតំណភ្ជាប់ (Link) ដើម្បីចូលទៅផ្លាស់ប្ដូរអ៊ីមែល និងពាក្យសម្ងាត់ ពីព្រោះនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុមហេគឃឺ (Hackers) ដើម្បីចូលយកទិន្នន័យរបស់លោកអ្នកតែប៉ុណ្ណោះ។
នាយកដ្ឋាននេះឲ្យដឹងទៀតថា ក្រុម Hackers តែងតែប្រើប្រាស់រូបភាព និងពាក្យស្រដៀងនឹងគេហទំព័រដើម ដើម្បីបន្លំលោកអ្នកដូចនៅក្នុងរូបភាពខាងលើក្នុងបន្ទាត់ពណ៌ក្រហមព័ទ្ធជុំវិញ៖
ចំណុចទី១៖ យើងអាចមានការច្រឡំជាមួយទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើយើងមិនបានយកចិត្តទុកដាក់។
ចំណុចទី២៖ គេបានប្រើតំណភ្ជាប់ផ្សេងពីគេហទំព័រ Facebook.com។
ចុចអានអត្ថបទផ្សេងទៀត៖
- ចាក់សោ facebook ថែមមួយជាន់ទៀតមិនឲ្យ Hackers លួចបាន
- ចាក់សោ Gmail Account ថែមមួយជាន់ទៀតជាមួយ Authy 2FA App
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុកឬអត់
ទោះយ៉ាងណា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានជូនដំណឹងដល់ពលរដ្ឋដែរថា បើសិនជាពលរដ្ឋជួបបញ្ហាមានការលួចយកគណនីហ្វេសប៊ុក ឬការបោកប្រាស់តាមអ៊ីនធឺណិតណាមួយ ពួកគាត់អាចទាក់ទងទៅកាន់ទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ ឬទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការនគរបាលជាតិ គឺលេខ ១១៧ ឬ ១១៨ ក៏បាន។
ក្រៅពីផ្ដល់ដំណឹងតាមរយៈទូរស័ព្ទ លោកអ្នកក៏អាចទាក់ទងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) ដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅក្នុងក្រសួងមហាផ្ទៃ អគារ L តាមបណ្ដោយមហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមចែករំលែកអត្ថបទទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕