បច្ចុប្បន្ន បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ ថ្មីៗនេះ ហ្វេសប៊ុកក៏ទទួលបានការរិះគន់ជាច្រើនផងដែរទាក់ទងនឹងឯកជនភាពរបស់អ្នកប្រើប្រាស់។
យ៉ាងនេះក្ដី ក្រុមហ៊ុនហ្វេសប៊ុកបានចេញនូវគោលការណ៍ថ្មីនៃការប្រើប្រាស់បណ្ដាញសង្គម ដើម្បីធានាពីការការពារឯកជនភាព និងលុបបំបាត់ព័ត៌មានមិនពិតផងដែរនៅលើបណ្ដាញសង្គមរបស់ខ្លួន។
ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់មួយចំនួនបានបង្កើតគណនីក្លែងក្លាយ (Fake Account) ដើម្បីតាមដានអ្នកដទៃ ឬក្នុងគោលបំណងណាមួយផ្សេងទៀត។ គណនីក្លែងក្លាយទាំងនោះនឹងស្នើសុំអ្នកធ្វើជាមិត្តរបស់គេនៅពេលណាមួយ។
អានអត្ថបទផ្សេងទៀត៖
- ប្រទេសប៉ាពួ ញូវហ្គីណេ នឹងបិទហ្វេសប៊ុករយៈពេល១ខែ ដើម្បីស្វែងរកគណនីក្លែងក្លាយ និងអ្នកបង្ហោះព័ត៌មានមិនពិត
- របៀបឆែកមើលថាមានគេលួចចូលមើលគណនីហ្វេសប៊ុកយើងដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកថែមមួយជាន់ទៀត ការពារមិនឲ្យគេលួចយកបាន
- របៀបទាញយកគណនីហ្វេសប៊ុកដែលគេលួច យកមកវិញ
តើធ្វើដូចម្ដេចដើម្បីអាចដឹងថាគណនីហ្វេសប៊ុកណាមួយជាគណនីក្លែងក្លាយ (Fake Account)?
ដើម្បីអាចដឹងថាគណនីហ្វេសប៊ុកមួយជាគណនីក្លែងក្លាយ អ្នកអាចអនុវត្តតាមជំហានខាងក្រោម៖
- ពិនិត្យមើលរូបគណនី (Profile Picture)៖ ចំណុចដំបូងដែលអ្នកត្រូវពិនិត្យមើលនោះ គឺ Profile Picture។ ប្រសិនបើអ្នកសង្ស័យលើគណនីហ្វេសប៊ុកណាមួយថាជាគណនីក្លែងក្លាយ សូមយករូបថតគណនីនោះទៅស្វែងរកក្នុង Google ដោយចូលទៅកាន់វែបសាយ image.google.com និងចុចលើរូបកាមេរ៉ា (search by images) ហើយ upload រូបថតគណនីនោះចូល បន្ទាប់មក Google នឹងស្វែងរករូបថតនោះនៅលើអ៊ីនធឺណិត។ ប្រសិនបើអ្នករកឃើញថារូបថតគណនីនោះមាននៅលើវែបសាយណាផ្សេង នោះអ្នកអាចសន្និដ្ឋានបានថា គណនីហ្វេសប៊ុកនេះអាចជាគណនីក្លែងក្លាយ។
- ឆែកមើល Timeline៖ បច្ចេកទេសមួយទៀតដែលយើងអាចយកមកប្រើបានដែរនោះ គឺឆែកមើល Timeline របស់គណនីហ្វេសប៊ុកដែលយើងសង្ស័យថាជាគណនីក្លែងក្លាយ។ សូមកត់សម្គាល់លើចំណុចមួយចំនួនដូចជា ពួកគេតែងតែចែករំលែកតំណភ្ជាប់ដែលមិនគួរទុកចិត្ត (spam link) ពិនិត្យមើល about page នៃ timeline ថាតើមានព័ត៌មានអីខ្លះពីបុគ្គលម្នាក់នោះ ពិនិត្យមើលថាតើមានមិត្តភ័ក្ដិរបស់គាត់ comment លើ status ឬលើរូបថត ឬលើព័ត៌មានដែលគាត់ចែករំលែកដែរឬអត់? ចំណុចមួយទៀត សូមពិនិត្យមើល profile picture ដែលគាត់ផ្លាស់ប្ដូរ ថាតើមានប៉ុន្មាន ហើយភាគច្រើនជារូបថតអ្វី?
- គណនីដែលដាក់រូបមុខស្រីស្អាត៖ ជាទូទៅ គណនីក្លែងក្លាយត្រូវបានបង្កើតឡើងដោយដាក់រូបស្រីស្អាតៗជា Profile Pictures ដែលទាក់ទាញអ្នកប្រើប្រាស់ផ្សេងទៀតឲ្យចុច Confirm ពួកគេជាមិត្តភ័ក្ដិ និងជជែកកម្សាន្តជាមួយពួកគេ។ អ្នកត្រូវតែប្រុងប្រយ័ត្នចំពោះគណនីបែបនេះ ហើយបើសិនជាអ្នកសង្ស័យថាជាគណនីក្លែងក្លាយ សូមអនុវត្តជំហានដំបូងឡើងវិញ។
- ឆែកថ្ងៃខែកំណើត៖ ភាគច្រើននៃគណនីក្លែងក្លាយ គឺដាក់ថ្ងៃខែកំណើតនៅថ្ងៃទី១ ខែមករា (1st Jan) ដែលជាវិធីសាមញ្ញ និងងាយស្រួលចាំសម្រាប់អ្នកបង្កើតគណនីក្លែងក្លាយ។ ដូច្នេះ អ្នកត្រូវតែប្រុងប្រយ័ត្នចំពោះគណនីបែបនេះដែរ និងចាត់វិធីណាមួយខាងលើ ដើម្បីស្វែងរកការពិតថាគណនីទាំងនោះពិត ឬក៏ក្លែងក្លាយ។
- ត្រួតពិនិត្យមើលសកម្មភាពរបស់គាត់នៅលើ Timeline៖ ចូលទៅកាន់ timeline របស់គណនីដែលយើងសង្ស័យ ហើយពិនិត្យមើលសកម្មភាពរបស់គាត់នៅលើ timeline ថាតើមានសកម្មភាពអ្វីខ្លះ? គណនីក្លែងក្លាយខ្លះបង្កើតឡើងដើម្បីតែចង់បានមិត្តភ័ក្ដិច្រើន ដើម្បីផ្សព្វផ្សាយអ្វីមួយប៉ុណ្ណោះ។ ពួកគេមិនមានចុច like page ណាមួយ ឬក៏មិនដែលចូលក្នុង group ជាដើម។
- លេខទូរស័ព្ទនៅក្នុងគណនីដាក់រូបស្រីស្អាត៖ girls fake profile តែងតែដាក់លេខទូរស័ព្ទនៅក្នុង info របស់គេ ពីព្រោះជាទូទៅ នារីៗមិនងាយនឹងបង្ហាញលេខទូរស័ព្ទជាសាធារណៈណាស់។
តាមរយៈវិធីខាងលើនេះ អ្នកនឹងអាចស្វែងរកគណនីក្លែងក្លាយដោយងាយនៅក្នុង friends list និង friend request list របស់អ្នក។ បើមិនចាំបាច់ទេ សូមកុំចុច confirm នឹងគណនីក្លែងក្លាយ ដែលអាចធ្វើឲ្យអ្នកមានបញ្ហាឲ្យសោះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕