ក្រុមហ៊ុន Google ជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាពកម្មវិធីរុករកទៅកាន់ជំនាន់ថ្មី ៨៩ បន្ទាប់ពីបញ្ចេញកំណែជួសជុលសន្តិសុខម្ដងរួចមកហើយដើម្បីជួសជុលចំណុចខ្សោយធ្ងន់ធ្ងរ និងបិទចន្លោះប្រហោងភាពងាយរងគ្រោះនៃកម្មវិធីនៅដើមខែមីនា ឆ្នាំ២០២១ នេះ។
សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Google នៅលើ Blog របស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុនបានបញ្ចេញកំណែចុងក្រោយនៃកម្មវិធីរុករក Chrome ទៅកាន់កំណែជំនាន់ 89.0.4389.82 នៅថ្ងៃទី៥ មីនា បន្ទាប់ពីបញ្ចេញកំណែជួសជុលចំណុចខ្សោយចំនួន ៤៧ កាលពីថ្ងៃទី២ មីនា សម្រាប់ជួសជុល និងបិទចន្លោះប្រហោងដែលមាននៅលើកម្មវិធីរុករកនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux។
ចំណុចខ្សោយដែលមាននៅលើកម្មវិធី Chrome លើជំនាន់ទាបជាងកំណែខាងលើ នឹងអាចអនុញ្ញាតឱ្យក្រុមវាយប្រហារមានលទ្ធភាពដំណើរការកូដពីចម្ងាយ (remote execute) និងអាចគ្រប់គ្រងម៉ាស៊ីនរងគ្រោះបានទាំងស្រុង។
ដើម្បីអាប់ដេតកម្មវិធី Chrome សូមអនុវត្តដូចខាងក្រោម៖
ជំហានទី១៖ បើកកម្មវិធី Chrome
ជំហានទី២៖ ចុចលើសញ្ញាចុចបីបញ្ឈរនៅខាងស្ដាំដៃផ្នែកខាងលើ
ជំហានទី៣៖ ចុចលើពាក្យ Help និងជ្រើសយក About Google Chrome
ជំហានទី៤៖ ធ្វើតាមការណែនាំរបស់កម្មវិធីជាការស្រេច។
Google តែងតែបញ្ចេញកំណែជួសជុល (patch) ជាហូរហែឲ្យអ្នកប្រើប្រាស់របស់ខ្លួន ដើម្បីជៀសផុតពីការវាយប្រហារដោយក្រុមហេគឃឺ (Hackers) ពីចម្ងាយតាមរយៈចំណុចខ្សោយ បន្ទាប់ពីក្រុមហ៊ុនទទួលបានរបាយការណ៍នៃភាពងាយរងគ្រោះពីអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា។
កាលពីដើមខែនេះ ក្រុមហ៊ុន Google ក៏បានប្រកាសពីចំណុចខ្សោយចំនួន ៤៧ នៅលើកម្មវិធីរុករក Chrome របស់ខ្លួនម្ដងរួចមកហើយ និងបានបញ្ចេញកំណែជួសជុលរួចដែរ។
បើសិនជាអ្នកមិនទាន់អាចអាប់ដេតទៅកាន់ជំនាន់ថ្មីទេ សូមអ្នកព្យាយាមធ្វើរបៀបនេះរៀងរាល់ថ្ងៃរហូតអាចធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកបាន៕