WordPress ត្រូវបានអ្នកជំនាញរកឃើញចំណុចខ្សោយធ្ងន់ធ្ងរបំផុតមួយ ដែលទាមទារឱ្យអ្នកគ្រប់គ្រងវែបសាយទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមាតិកា WordPress ប្រញាប់ធ្វើបច្ចុប្បន្នភាពភ្លាមៗ (Update WordPress) ទៅកាន់ជំនាន់ចុងក្រោយបង្អស់ដែលទើបតែដាក់ឱ្យទាញយក។
អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យា បញ្ជាក់ថា ចំណុចខ្សោយថ្មីរបស់កម្មវិធី WordPress ត្រូវបានស្រាវជ្រាវរកឃើញនៅក្នុងកម្មវិធី WordPress កំណែ 3.7 ដល់ 5.8 (WordPress 3.7 – 5.8) ដែលទាមទារឱ្យអ្នកគ្រប់គ្រងធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ 5.9 ជាបន្ទាន់ (WordPress 5.9) ដើម្បីជៀសផុតពីការហេគវែបសាយ។
ចំណុចខ្សោយនេះនឹងអនុញ្ញាតឱ្យជនខិលខូច ឬក្រុមហេគឃឺ (Hackers) អាចវាយប្រហារដោយប្រើប្រាស់ XSS, SQL Injection, Remote Code Execution ប្រសិនបើអ្នកមិនបានធ្វើបច្ចុប្បន្នភាពវាទៅកាន់ជំនាន់ចុងក្រោយទេនោះ។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនៅ WordPress បានព្យាយាមដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ រហូតដល់សម្រេចបានជំនាន់ចុងក្រោយដែលមានស្ថិរភាព គឺជំនាន់ 5.9 កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដើម្បីជួសជុលភាពងាយរងគ្រោះនេះ។
ដូច្នេះ ប្រសិនបើលោកអ្នកមិនទាន់បានធ្វើបច្ចុប្បន្នភាពវែបសាយដែលប្រើ WordPress ទេនោះ សូមប្រញាប់ធ្វើបច្ចុប្បន្នភាពវែបសាយរបស់អ្នកទៅកាន់ជំនាន់ WordPress 5.9 ភ្លាមទៅ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!