ក្រុមហ៊ុន Google ជូនដំណឹងដល់អ្នកប្រើប្រាស់កម្មវិធីរុករក Chrome អំពីចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងដែលទាមទារឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់ជំនាន់ 90.0.4430.93 ដែលជាជំនាន់ចុងក្រោយដើម្បីជួសជុល និងបិទចន្លោះប្រហោងនៃភាពងាយរងគ្រោះ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Google នៅលើ Blog របស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុនបានបញ្ចេញកំណែចុងក្រោយនៃកម្មវិធីរុករក Chrome ទៅកាន់កំណែជំនាន់ 90.0.4430.93 នៅចុងខែមេសា។ ការបញ្ចេញកំណែជួសជុល គឺសម្រាប់ជួសជុល និងបិទចន្លោះប្រហោងនៃចំណុចខ្សោយធ្ងន់ធ្ងរចំនួន ៩ ដែលមាននៅលើកម្មវិធីរុករកសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux។
ក្រុមវាយប្រហារអាចចំណុចខ្សោយដែលមាននៅលើកម្មវិធី Chrome ជំនាន់ទាបជាងកំណែខាងលើ ដើម្បីមានលទ្ធភាពដំណើរការកូដពីចម្ងាយ (remote execute) និងអាចគ្រប់គ្រងម៉ាស៊ីនរងគ្រោះបានទាំងស្រុង។
ដើម្បីអាប់ដេតកម្មវិធី Chrome សូមអនុវត្តដូចខាងក្រោម៖
ជំហានទី១៖ បើកកម្មវិធី Chrome
ជំហានទី២៖ ចុចលើសញ្ញាចុចបីបញ្ឈរនៅខាងស្ដាំដៃផ្នែកខាងលើ
ជំហានទី៣៖ ចុចលើពាក្យ Help និងជ្រើសយក About Google Chrome
ជំហានទី៤៖ ធ្វើតាមការណែនាំរបស់កម្មវិធីជាការស្រេច។
ស្ទើរតែរាល់ខែទៅហើយដែលក្រុមហ៊ុន Google តែងតែបញ្ចេញកំណែជួសជុល (patch) ឲ្យអ្នកប្រើប្រាស់របស់ខ្លួនការពារឧបករណ៍ពីការវាយប្រហារដោយក្រុមហេគឃឺ (Hackers) ពីចម្ងាយតាមរយៈចំណុចខ្សោយ បន្ទាប់ពីក្រុមហ៊ុនទទួលបានរបាយការណ៍នៃភាពងាយរងគ្រោះពីក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា។
កាលពីដើមខែមីនា ក្រុមហ៊ុន Google ក៏បានប្រកាសពីចំណុចខ្សោយចំនួន ៤៧ នៅលើកម្មវិធីរុករក Chrome របស់ខ្លួនម្ដងដែរ និងបានបញ្ចេញកំណែជួសជុលភ្លាមៗ។
បើសិនជាអ្នកមិនទាន់អាចអាប់ដេតទៅកាន់ជំនាន់ថ្មីទេ សូមអ្នកព្យាយាមធ្វើរបៀបនេះរៀងរាល់ថ្ងៃរហូតអាចធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកបាន៕