ក្រុមហ៊ុន Apple ប្រកាសដាក់លក់ឧបករណ៍បំពងសំឡេងឆ្លាតវៃ ដែលក្រុមហ៊ុន Apple ដាក់ឈ្មោះថា HomePod ជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ហើយអ្នកចង់ទិញឧបករណ៍ឆ្លាតវៃនេះ ក៏អាចកុម្ម៉ង់ទិញជាមុនបានចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នេះផងដែរ។
ឧបករណ៍បំពងសំឡេងឆ្លាតវៃ HomePod គឺជាបាសឆ្លាតវៃដែលគុណភាពបញ្ចេញសំឡេងយ៉ាងពីរោះគួរឲ្យចាប់អារម្មណ៍សម្រាប់ប្រើប្រាស់នៅតាមគេហដ្ឋានរបស់លោកអ្នក ឬក៏ទីតាំងសមរម្យផ្សេងៗទៀត។ លើសពីនេះ HomePod ក៏អាចឲ្យលោកអ្នកបញ្ជាវាតាមរយៈ Siri ផងដែរ។
ការផលិតឧបករណ៍បំពងសំឡេង HomePod របស់ក្រុមហ៊ុន Apple គឺជាការឆ្លើយតបនឹងការប្រកួតប្រជែងជាមួយឧបករណ៍បំពងសំឡេង Google Home ជាផលិតផលរបស់ក្រុមហ៊ុន Google និងឧបករណ៍ Amazon Echo ជាផលិតផលរបស់ក្រុមហ៊ុន Amazon ដោយក្រុមហ៊ុន Apple ផលិតឧបករណ៍នេះឡើងដោយផ្ដោតសំខាន់លើគុណភាពសំឡេង។
ក្រៅពីមានសមត្ថភាពបញ្ចេញសំឡេងយ៉ាងពីរោះហើយ HomePod ក៏អាចជាជំនួយការដ៏ឆ្លាតវៃនៅក្នុងផ្ទះរបស់អ្នកផងដែរ។ HomePod អាចប្រាប់អ្នកពីព័ត៌មានចុងក្រោយ អំពីចរាចរណ៍ អំពីកីឡា និងអាកាសធាតុ ជាដើម។ HomePod អាចឲ្យអ្នកកំណត់ការរំឭក (reminder) និងកំណត់កិច្ចការមួយចំនួនទៀត អាចផ្ញើសារ។ល។ លើសពីនេះទៀត HomePod គឺជាកន្លែងសម្រាប់គ្រប់គ្រងឧបករណ៍ឆ្លាតវៃផ្សេងៗទៀតក្នុងផ្ទះរបស់លោកអ្នកផងដែរ។
HomePod ត្រូវបានក្រុមហ៊ុន Apple បំពាក់ឈីប A8 និងមាន RAM ទំហំ 1GB មានអេក្រង់ LED តូចមួយនៅខាងលើដើម្បីប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់។ HomePod មានកម្ពស់ 6.8 inches ទំហំ 5.6 inches មានទម្ងន់ 2.5 Kg និងមានពីរពណ៌ គឺពណ៌ប្រផេះ និងពណ៌ស។
ឧបករណ៍ដែលអាចភ្ជាប់ទៅកាន់ HomePod បានមានដូចជា iPhone 5s, iPhone SE, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, iPhone X, iPad mini 2, iPad mini 3, iPad mini 4, iPad Air, iPad Air 2, iPad (5th generation), 9.7-inch iPad Pro, 10.5-inch iPad Pro, 12.9-inch iPad Pro, និង iPod touch (6th generation)។
HomePod នឹងត្រូវដាក់លក់ក្នុងតម្លៃ $349 នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Apple ជាដំបូងគ្រោងដាក់លក់ HomePod នៅខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនបានប្រកាសពន្យារពេលដាក់លក់ HomePod រហូតដល់ដើមឆ្នាំ២០១៨ នេះវិញ។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕