ក្មេងស្រីកម្ពុជាមួយក្រុមដែលមានឈ្មោះក្រុមថា LiterTree នឹងទៅចូលរួមប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមក្មេងស្រីផ្សេងទៀតមកពីជុំវិញពិភពលោក នៅក្នុងកម្មវិធីសហគ្រិនភាព និងបច្ចេកវិទ្យា (Technovation) នៅសហរដ្ឋអាមេរិក នៅក្នុងខែសីហា ខាងមុខនេះ។
LiterTree ជាក្រុមក្មេងស្រីកម្ពុជា មានសមាជិក ៥នាក់ បានផ្ដួចផ្ដើមបង្កើតនូវកម្មវិធីទូរសព្ទឈ្មោះ “ណែងណង (Naeng-Norng)” និងបានជាប់បន្តទៅប្រកួតនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រកួតប្រជែងជាមួយក្រុមក្មេងស្រីផ្សេងទៀតនៅប្រទេសកម្ពុជា កាលពីពេលកន្លងទៅ។ កម្មវិធីទូរសព្ទនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់អភិរក្សកំណាព្យខ្មែរដោយអាចឱ្យអ្នកអាន និងអ្នកនិពន្ធភ្ជាប់ទំនាក់ទំនងគ្នាបាន។
ពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតមកពីជុំវិញពិភពលោកនៅក្នុងកម្មវិធីសហគ្រិនភាព និងបច្ចេកវិទ្យា Technovation វគ្គផ្ដាច់ព្រ័ត្រនៅក្នុងខែសីហា ខាងមុខនេះ។
Technovation គឺជាកម្មវិធីអប់រំសហគ្រិនភាពក្នុងវិស័យបច្ចេកវិទ្យាសម្រាប់ការប្រកួតប្រជែងអន្តរជាតិ ដែលមានគោលបំណងបង្កើនចំនួនស្ត្រីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពឱ្យកាន់តែច្រើនបន្ថែមទៀត។ កម្មវិធីនេះជំរុញឱ្យក្មេងស្រីអាយុចន្លោះពី ១០ ដល់ ១៨ឆ្នាំនៅទូទាំងពិភពលោក ស្វែងរកដំណោះស្រាយសម្រាប់សហគមន៍តាមរយៈបច្ចេកវិទ្យា និងការរៀបចំផែនការអាជីវកម្ម៕