វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ប្រកាសផ្ដល់អាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិដល់សិស្សនារីដែលប្រឡងចូលរៀននៅវិទ្យាស្ថានរបស់ខ្លួននៅឆ្នាំសិក្សា ២០១៩-២០២០។
ការផ្ដល់អាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួន ៥០% ដល់សិស្សនារីនេះ គឺវិទ្យាស្ថានចង់លើកទឹកចិត្ត និងជំរុញឱ្យមានវត្តមាននារីនៅក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើនឡើង។
សេចក្ដីប្រកាសរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើទំព័រហ្វេសប៊ុក (Facebook) ឲ្យដឹងថា ការប្រឡងចូលរៀននៅវិទ្យាស្ថាននេះគឺប្រឡងតាមបែបប្រព័ន្ធកុំព្យូទ័រ។ វិទ្យាស្ថានបញ្ជាក់ថា សិស្សដែលប្រឡងចប់ភ្លាម នឹងដឹងលទ្ធផលភ្លាមៗតែម្ដង ហើយការចុះឈ្មោះប្រឡងគឺចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
មុខវិជ្ជាដែលនឹងត្រូវប្រឡងរួមមាន៖
- គណិតវិទ្យា
- តក្កវិទ្យា
- និងភាសាអង់គ្លេស
NIPTICT គឺជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋតែមួយគត់ដែលមានឯកទេស Telecoms និង E-Commerce ដំបូងគេបង្អស់នៅកម្ពុជា។
វិទ្យាស្ថាននេះមានមុខជំនាញចំនួនបីគឺ៖
- ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking)
- ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce)
- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
របាយការណ៍អប់រំសង្ខេបរបស់អង្គការយូណេស្កូ (UNESCO) នៅអាស៊ីប៉ាស៊ីហ្វិក ស្តីអំពីគម្លាតយេនឌ័រក្នុងវិស័យ STEM បង្ហាញថា ចំនួនស្ត្រីក្នុងវិស័យ STEM នៅមានតិចតួច ហើយស្ត្រីដែលធ្វើការជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ គឺមានតែ ២៨% ប៉ុណ្ណោះទូទាំងពិភពលោក បើទោះបីជាតម្រូវការអ្នកជំនាញផ្នែកនេះបានកើនឡើងក៏ដោយ។
តំណភ្ជាប់ចុះឈ្មោះប្រឡង៖
ព័ត៌មានបន្ថែម សូមទាក់ទង៖
- លេខទូរស័ព្ទ៖ ០១០ ៣៤ ០០០០
- អ៊ីមែល៖
- អាសយដ្ឋាន៖ ផ្លូវជាតិ ៦អា ភូមិខ្ទ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ផ្លូវចូលជាប់ស្ពានទី២)
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕