កម្មវិធីទូរស័ព្ទថ្មីសន្លាងមួយបង្កើតឡើងដោយអ្នកស្រាវជ្រាវវ័យក្មេងរបស់កម្ពុជា ដែលកម្មវិធីនេះមានសមត្ថភាពបំលែងសំឡេងនិយាយទៅជាអត្ថបទសរសេរភ្លាមៗ ត្រូវបានដាក់ឱ្យទាញយកជាផ្លូវការទាំងសម្រាប់ប្រព័ន្ធ Android និង iOS។
កម្មវិធីទូរស័ព្ទនេះមានឈ្មោះថា “ប្រព័ន្ធស្វ័យប្រវត្តិកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR)” ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំលែងសំឡេងនិយាយ និងឯកសារសំឡេងជាភាសាខ្មែរឱ្យទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិនៅលើទូរស័ព្ទស្មាតហ្វូន។
ទំព័រហ្វេសប៊ុក (Facebook) របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា កម្មវិធីទូរស័ព្ទ Khmer ASR នេះគឺជាសមិទ្ធផលនៃកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍលើបច្ចេកវិទ្យាភាសានៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វិធីសាស្ត្រដែលគេយកមកប្រើប្រាស់ក្នុងការបង្កើតកម្មវិធីទូរស័ព្ទនេះមានពីរ គឺ Statistical Learning និង Deep Learning ដែលជាវិធីសាស្ត្រថ្មីសម្រាប់បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មបំលែងសំឡេងនិយាយទៅជាអត្ថបទសរសេរសម្រាប់ភាសាដែលមានលក្ខណៈស្មុគស្មាញ និងមានទិន្នន័យតិចក្នុងទម្រង់ឌីជីថល។ នេះបើតាមការចុះផ្សាយនៅលើវេបសាយរបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
វេបសាយដដែលឱ្យដឹងថា បច្ចេកវិទ្យានេះអាចអនុញ្ញាតឱ្យសហគមន៍អ្នកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា អាចប្រើប្រាស់ ឬបំពាក់ជាមួយនឹងប្រព័ន្ធ ឬបច្ចេកវិទ្យាដទៃទៀត ដើម្បីប្រើប្រាស់លើការងារសំខាន់ៗដូចខាងក្រោម៖
- ជួយសម្រួល និងពន្លឿនការអនុវត្តការងារប្រចាំថ្ងៃ ជាអាទិ៍ការងារកត់ត្រានៅក្នុងកិច្ចប្រជុំ និងកម្មវិធីផ្សេងៗដែលពុំមានសំឡេងរំខានខ្លាំង ដូចជាការបំលែងសំឡេងសន្ទរកថាទៅជាអត្ថបទសរសេរ ការបំលែងសំឡេងបង្រៀនទៅជាអត្ថបទសរសេរនៅក្នុងការងារបណ្តុះបណ្តាល។ល។
- បំពាក់ជាបច្ចេកវិទ្យាជំនួយដល់ជនពិការក្នុងការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ។
- បង្កើតជាបច្ចេកវិទ្យាបញ្ជាដោយសំឡេង (Voice Command) ជាភាសាខ្មែរទៅលើវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។
ទាញយកកម្មវិធី៖
- សម្រាប់ Android: http://bit.ly/KhmerASRAndroid
- សម្រាប់ iOS: http://bit.ly/KhmerASR
ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ប្រព័ន្ធ Khmer ASR – https://rnd.cadt.edu.kh/khmer-asr ឬទំនាក់ទំនងតាមរយៈអ៊ីមែល ។