ក្រុមហ៊ុនសេវាទូរស័ព្ទស្មាត (Smart) តាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu ប្រកាសផ្ដល់អាហារូបករណ៍ ២០កន្លែងដែលមួយកន្លែងមានទឹកប្រាក់សរុបរហូតដល់ ១៥០០០ដុល្លារ ដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំ២០១៨ នេះ។
កម្មវិធីអាហារូបករណ៍ SmartEdu នេះមានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជា ដែលមានសមត្ថភាព ជាពិសេសសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។
ប្អូនៗដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ និងមាននិទ្ទេសរួម A ឬ B អាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះឲ្យបានមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ តាមរយៈវែបសាយ www.smartedu.com.kh ឬក៏ស្នើសុំពាក្យពីសាខា Smart Shop ណាមួយនៅទូទាំងប្រទេស។ បេក្ខជនបំពេញពាក្យតាមលក្ខខណ្ឌគ្រប់គ្រាន់ នឹងត្រូវទាក់ទងដើម្បីជួបសម្ភាស។
អត្ថប្រយោជន៍ទទួលបានពីកម្មវិធីអាហារូបករណ៍ SmartEdu ៖
- ប្រាក់ឧបត្ថម្ភលើថ្លៃសិក្សានៅសាកលវិទ្យាល័យរហូតដល់និស្សិតជ័យលាភីបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ
- ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២០០ដុល្លាររហូតដល់ ៥ឆ្នាំ អាស្រ័យលើមុខជំនាញសិក្សាដែលបានជ្រើសរើស
- កម្មវិធីអភិវឌ្ឍន៍ និងឱកាសចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR)
អានអត្ថបទផ្សេងទៀត៖
- វិទ្យាស្ថានជាតិប្រៃសណីយ៍ផ្ដល់អាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិដល់សិស្សនារី និងអាហារូបករណ៍ ៦០កន្លែងផ្សេងទៀត
- វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្ដល់អាហារូបករណ៍ ១០០% ចំនួន ១២០កន្លែង
- វិទ្យាស្ថានរដ្ឋមួយនៅខេត្តសៀមរាប ផ្ដល់អាហារូបករណ៍ ១៨០កន្លែង
លក្ខខណ្ឌនៃអាហារូបករណ៍៖
- សិស្សានុសិស្សត្រូវតែជាសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ (ចំពោះសិស្សដែលដែលប្រឡងបំពេញវិជ្ជា ស្វៃរិនចំណេះទូទៅ និងស្វៃរិនបំពេញវិជ្ជា មិនត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យសុំអាហារូបករណ៍នេះឡើយ)
- ពោលគឺបេក្ខជនដែលមាននិទ្ទេស A និង B
- បេក្ខជនត្រូវជ្រើសរើសបំពេញការសិក្សានៅសាកលវិទ្យាល័យរដ្ឋណាមួយដែលស្ថិតនៅក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា
- បេក្ខជនអាចជ្រើសរើសមុខជំនាញណាមួយដែលខ្លួនពេញចិត្ត ប៉ុន្តែមិនឲ្យលើសរយៈពេលសិក្សា ៥ឆ្នាំ
ការប្ដេជ្ញាចិត្តរបស់ជ័យលាភីអាហារូបករណ៍របស់ស្មាត៖
- ជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវប្ដេជ្ញាចិត្តរៀនឲ្យចប់ថ្នាក់បរិញ្ញាបត្រ។ក្នុងករណីដែលបេក្ខជនបញ្ឈប់ការសិក្សាពាក់កណ្តាលទី ក្រុមហ៊ុនស្មាត នឹងបញ្ឈប់នូវរាល់ប្រាក់ឧបត្ថម្ភទាំងអស់រួមមាន៖ ថ្លៃបង់ការសិក្សាប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត។
- ជ័យលាភីអាហារូបករណ៍ ត្រូវចូលរួមសិក្ខាសាលាអភិវឌ្ឍន៍យ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ និងការតាមដានការវិវឌ្ឍរៀងរាល់ពីរខែម្តង ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍ណាមួយដែលសមស្រប។
- ជ័យលាភីអាហារូបករណ៍ ត្រូវខំប្រឹងប្រែងសិក្សារៀនសូត្រ និងរក្សាពិន្ទុមធ្យមភាគនិទ្ទេស សរុប GPA មិនឲ្យក្រោម 3.0 ជារៀងរាល់ឆ្នាំ។ ក្នុងករណីដែលពិន្ទុ GPA របស់បេក្ខជនធ្លាក់ក្រោម 3.0 ក្រុមហ៊ុនស្មាត នឹងកាត់ប្រាក់ឧបត្ថម្ភ ៥០ដុល្លារនៃចំនួនប្រាក់ឧបត្ថម្ភ ២០០ដុល្លារជារៀងរាល់ខែ។ ថ្លៃបង់ការសិក្សា និងប្រាក់ឧបត្ថម្ភនឹងត្រូវកាត់ផ្តាច់ ក្នុងករណីដែលបេក្ខជនចាំបាច់ត្រូវពន្យារពេលនៃការសិក្សារបស់ខ្លួន ដោយសារតែកាលៈទេសៈមើលមិនឃើញណាមួយនោះ ឬដោយហេតុផលសមរម្យណាមួយដែលយល់ស្របដោយក្រុមហ៊ុនស្មាត និងក្រសួងអប់រំ យុវជន និងកីឡា ហើយថ្លៃបង់ការសិក្សា និងប្រាក់ឧបត្ថម្ភ នឹងត្រូវផ្តល់ឲ្យវិញនៅពេលដែលបេក្ខជនត្រឡប់មកបន្តការសិក្សាវិញ។ ឧទាហរណ៍៖ ហេតុផលសមស្របដែលអាចទទួលយកបាន អាចជាករណីដែលជ័យលាភីអាហារូបករណ៍ជួបគ្រោះអកុសលចៃដន្យ ឬត្រូវចាំបាច់សម្រាប់ការវះកាត់ណាមួយដែលធ្វើឲ្យប៉ះពាល់ និងអាក់ខានដល់ការសិក្សានោះ ក្នុងករណីនេះ ជ័យលាភីអាហារូបករណ៍ត្រូវជម្រាបជូនដំណឹងជាផ្លូវការតាមលិខិតណាមួយ និងបញ្ជាក់នូវព័ត៌មានឲ្យបានគ្រប់គ្រាន់ជូនដល់ក្រុមហ៊ុនស្មាត និងក្រសួងអប់រំ យុវជន និងកីឡា ឬវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការឆ្លើយតបរបស់ស្ថាប័នទាំងពីរ។
- ជ័យលាភីអាហារូបករណ៍មានសិទ្ធិដាក់ពាក្យសុំហ្វឹកហាត់ការងារនៅក្រុមហ៊ុនស្មាតបាន នៅពេលដែលខ្លួនជានិស្សិតឆ្នាំទី២ និងទី៣។ លក្ខខណ្ឌ និងប្រាក់ខែ គឺផ្អែកទៅលើសមត្ថភាពរបស់បេក្ខជន ដោយមានការយល់ស្របរវាងក្រុមហ៊ុនស្មាត និងបេក្ខជនផ្ទាល់។
- ក្នុងអំឡុងពេល ៣ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជ័យលាភីអាហារូបករណ៍តម្រូវឲ្យធ្វើការជាមួយក្រុមហ៊ុនស្មាតបានយ៉ាងហោចណាស់ ១ឆ្នាំ។ លក្ខខណ្ឌ និងប្រាក់ខែ គឺផ្អែកទៅលើសមត្ថភាពរបស់បេក្ខជន ដោយមានការយល់ស្របរវាងក្រុមហ៊ុនស្មាត និងបេក្ខជនផ្ទាល់។
- ការប្ដេជ្ញាចិត្តដទៃទៀត នឹងបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងពិសេសមួយរវាងក្រុមហ៊ុនស្មាត និងជ័យលាភីអាហារូបករណ៍គាំទ្រដោយនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ឬវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ព័ត៌មានបន្ថែម សូមទាក់ទង៖
- លេខទូរស័ព្ទ៖ ០១០ ២៣៤ ០៧៥
- វែបសាយ៖ http://www.smartedu.com.kh
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕