ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចែករំលែកបទពិសោធន៍ពីការរស់នៅក្នុងរដូវក្ដៅដល់ពលរដ្ឋកម្ពុជា តាមរយៈវីដេអូឃ្លីបខ្លីជាង ២នាទី បង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។
លោក ហ៊ីដេហ៊ីសា ហ៊ីរូណូអ៊ុជិ (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងនៅក្នុងវីដេអូខ្លីនោះថា ពលរដ្ឋគួរតែកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅរដូវក្ដៅនេះ ពីព្រោះការផលិតថាមពលអគ្គិសនីតែងតែសាយភាយឧស្ម័នកាបូនិចទៅលើបរិយាកាស ដែលជាហេតុធ្វើឲ្យកម្ដៅផែនដីកើនឡើង។
លោកថានៅប្រទេសជប៉ុន ឱ្យតែដល់រដូវក្ដៅ រដ្ឋាភិបាលជប៉ុន តែងតែស្នើសុំឱ្យប្រជាជន ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន កាត់បន្ថយការប្រើប្រាស់អគ្គិសនី ក្នុងគោលបំណងបន្ថយការសាយភាយឧស្ម័នកាបូនិចច្រើនដែលធ្វើឱ្យផែនដីកើនកម្ដៅ ដោយការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងមិនបើកអំពូលភ្លើងច្រើនជាដើម។
លោកបញ្ជាក់ថា នៅក្នុងអគាររដ្ឋាភិបាលជប៉ុន គឺកំណត់កម្រិតសីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម ២៨អង្សារសេតែប៉ុណ្ណោះនៅពេលអាកាសធាតុ ៣៥អង្សារសេ លើកលែងតែមានកម្មវិធីផ្លូវការណាមួយ។ លោកថា ការកំណត់ដូចនេះធ្វើឱ្យបន្ទប់ធ្វើការរាងក្ដៅបន្តិច។ ហេតុដូច្នេះ ចាប់ពីខែឧសភា ដល់ខែកញ្ញា ពេលទៅធ្វើការនៅការិយាល័យ បុគ្គលិកបុរសមិនចាំបាច់ពាក់ក្រវាត់ក និងអាវធំនោះទេ។
នៅចុងបញ្ចប់នៃវីដេអូឃ្លីបនោះ លោកទូតជប៉ុន បានចោទជាសំណួរមកកាន់ប្រជាជនកម្ពុជា វិញថា តើលោកលោកស្រីមានវិធីសាស្ត្របែបណាខ្លះ ក្នុងការសន្សំសំចៃអគ្គិសនី?
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕