Google បញ្ចេញកំណែអាប់ដេតកម្មវិធីរុករក Google Chrome កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដើម្បីជួសជុលលើចំណុចខ្សោយដែលមានកម្រិតធ្ងន់ធ្ងរខ្លាំង។
សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Google នៅលើ Blog របស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុនបានបញ្ចេញកំណែចុងក្រោយនៃកម្មវិធីរុករក Chrome ទៅកាន់កំណែជំនាន់ 80.0.3987.149 សម្រាប់ជួសជុលបិទចន្លោះប្រហោងដែលមាននៅលើកម្មវិធីរុករកនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux។
ចំណុចខ្សោយដែលមាននៅលើកម្មវិធី Chrome លើជំនាន់ទាបជាងកំណែខាងលើ នឹងអាចអនុញ្ញាតឱ្យក្រុមវាយប្រហារមានលទ្ធភាពដំណើរការកូដពីចម្ងាយ (remote execute) និងអាចគ្រប់គ្រងម៉ាស៊ីនរងគ្រោះនោះទាំងស្រុង។
ដើម្បីអាប់ដេតកម្មវិធី Chrome សូមអនុវត្តដូចខាងក្រោម៖
ជំហានទី១៖ បើកកម្មវិធី Chrome
ជំហានទី២៖ ចុចលើសញ្ញាចុចបីបញ្ឈរនៅខាងស្ដាំដៃផ្នែកខាងលើ
ជំហានទី៣៖ ចុចលើពាក្យ Help និងជ្រើសយក About Google Chrome
ជំហានទី៤៖ ធ្វើតាមការណែនាំរបស់កម្មវិធីជាការស្រេច។
កាលពីខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Google ក៏ធ្លាប់បញ្ចេញកំណែជួសជុល (patch) បន្ទាន់មួយដែរឲ្យអ្នកប្រើប្រាស់របស់ខ្លួនប្រញាប់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីជៀសផុតពីការវាយប្រហារដោយក្រុមហេគឃឺ (Hackers) ពីចម្ងាយតាមរយៈចំណុចខ្សោយ បន្ទាប់ពីក្រុមហ៊ុនទទួលបានរបាយការណ៍នៃភាពងាយរងគ្រោះដ៏សំខាន់មួយពីអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាម្នាក់របស់ខ្លួននៅចុងខែកុម្ភៈ ឆ្នាំ២០១៩។
បើសិនជាអ្នកមិនទាន់អាចអាប់ដេតទៅកាន់ជំនាន់ថ្មីទេ សូមលោកអ្នកព្យាយាមធ្វើរបៀបនេះរៀងរាល់ថ្ងៃរហូតអាចធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកបាន៕
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។