មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មលើកទី៥ (STEM Festival) ឆ្នាំ២០១៩ ដែលផ្ដោតសំខាន់លើការលើកកម្ពស់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងប្រារព្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ។
លោកអ្នកអាចចូលរួមទស្សនាមហោស្រពនេះដោយសេរី និងមិនគិតថ្លៃ។
មហោស្រពលើកទី៥ នេះ ធ្វើឡើងក្នុងគោលបំណងជំរុញយុវជនកម្ពុជា ឲ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ ការប្រកួតប្រជែង ការងារ អាជីព និងវិជ្ជាជីវៈ។
នៅក្នុងកម្មវិធីនេះ មានការចូលរួមបង្ហាញសមត្ថភាពពីសំណាក់សិស្សនិស្សិតមកពី ៣០គ្រឹះស្ថានសិក្សា ហើយលោកអ្នកអាចទស្សនាពិព័រណ៍ស្ទែម ការប្រកួតរ៉ូបូតថ្នាក់ជាតិ ការបង្ហាញគម្រោងស្ទែមដែលផ្ដល់ឱកាសឲ្យអ្នកចូលរួមពិសោធផ្ទាល់ និងអនុវត្តផ្ទាល់ដោយខ្លួនឯង ការបង្ហាញយុទ្ធនាការផ្សព្វផ្សាយ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីកម្ពុជា» ការប្រកួតជើងឯកស្ទែម ការប្រកួតគណិតវិទ្យាដោយប្រើបច្ចេកវិទ្យា និងការប្រគំតន្ត្រីជាដើម។
សហការរៀបចំមហោស្រពជាតិលើកទី៥ នេះឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយនិងអង្គការ ស្ទែម កម្ពុជា (STEM Cambodia)។
តើស្ទែម (STEM) ជាអ្វី?
ស្ទែម (STEM) ជាមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលរួមមាន វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics)។
វិស័យស្ទែម (STEM) នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានខិតខំជំរុញ និងគាំទ្រវិស័យស្ទែម (STEM) រួមទាំងបានបង្កើតគោលនយោបាយបញ្ចូល ស្ទែម (STEM) ទៅក្នុងវិស័យអប់រំកាលពីប៉ុន្មានឆ្នាំថ្មីៗនេះដែរ ក្នុងគោលបំណងពង្រឹងជំនាញនេះដល់យុវជនកម្ពុជា ព្រមទាំងបង្កើតសាលាជំនាន់ថ្មីរហូតដល់ ១១សាលាហើយ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ថា ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានេះ ត្រូវបានប្រទេសនានាទូទាំងពិភពលោក ទទួលស្គាល់ជាទូទៅ និងយ៉ាងទូលំទូលាយថាជាវិស័យគន្លឹះ និងជាកម្លាំងចលករដ៏មានសក្ដានុពល និងជាអាទិភាព និងមានសារសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម សុខាភិបាល កសិកម្ម សេវាកម្ម កសិឧស្សាហកម្ម និងពាណិជ្ជកម្ម ឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ប្រកបដោយវិបុលភាព សមធម៌ បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជួបគ្នានៅទីនោះ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕