ក្រុមហ៊ុនទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត PayPal នឹងបិទការិយាល័យតំណាងរបស់ខ្លួនប្រចាំនៅប្រទេសម៉ាឡេស៊ី (Malaysia) នៅចុងឆ្នាំ២០១៩ នេះ។
សារព័ត៌មាន Malay Mail ចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះឲ្យដឹងថា ក្រុមហ៊ុន PayPal បានផ្ដើមគម្រោងលាឈប់ស្ម័គ្រចិត្តមួយដែលមានឈ្មោះថា VSS (Voluntary Separation Scheme) សម្រាប់បុគ្គលិកក្នុងប្រទេសម៉ាឡេស៊ី ចាប់ផ្ដើមពីខែមេសា ដល់ខែសីហា ឆ្នាំ២០១៩ ក្នុងផែនការបិទមជ្ឈមណ្ឌលប្រតិបត្តិការតំណាងរបស់ខ្លួននៅក្នុងប្រទេសមួយនេះ។
VSS ជាផែនការដែលបុគ្គលិកទាំងអស់ត្រូវបានអញ្ជើញឲ្យដាក់ពាក្យលាឈប់ពីការងារដោយស្ម័គ្រចិត្ត ស្របទៅតាមលក្ខខណ្ឌកំណត់ដោយក្រុមហ៊ុន PayPal ហើយបុគ្គលិកទាំងនោះនឹងទទួលបានប្រាក់អត្ថប្រយោជន៍ពីការឈប់នេះទៅតាមលក្ខខណ្ឌដែលបានចែង ប្រសិនបើក្រុមហ៊ុនទទួលយកសំណើសុំឈប់នោះ។
ក្រុមហ៊ុន PayPal បញ្ជាក់ថា យើងបានផ្ដល់ដំណឹងដល់បុគ្គលិកទាំងអស់នៅម៉ាឡេស៊ី ថាពួកគេនឹងប៉ះពាល់ការងារពីការបិទការិយាល័យនេះ ប៉ុន្តែយើងនឹងជួយបុគ្គលិកទាំងអស់ក្នុងការស្វែងរកការងារថ្មីតាមរយៈការបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបង្កើនឱកាសដល់ពួកគេនៅក្នុងទីផ្សារការងារ។ នេះបើតាមសារព័ត៌មានដដែលនេះ។
ក្រុមហ៊ុន PayPal បន្តនៅក្នុងសេចក្ដីប្រកាសទៀតថា ការងារដែលធ្លាប់ប្រតិបត្តិការនៅការិយាល័យក្នុងប្រទេសម៉ាឡេស៊ី នឹងត្រូវផ្លាស់ទៅកាន់ទីតាំងផ្សេងទៀត។
ទោះយ៉ាងណា ក្រុមហ៊ុនសន្យាថា ការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញរបស់ក្រុមហ៊ុន នឹងមិនធ្វើឲ្យប៉ះពាល់ដល់អតិថិជននៅម៉ាឡេស៊ី ឡើយ។
ក្រុមហ៊ុន PayPal បានបើកដំណើរការសាខាមជ្ឈមណ្ឌលប្រតិបត្តិការប្រចាំនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១១។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
អត្ថបទផ្សេងទៀត
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕