បទអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ស្ដីពីបច្ចេកវិទ្យានាំការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍មកកាន់កម្ពុជា ឬ “បញ្ជីនៃអ្វីដែលត្រូវធ្វើសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា”។
តើលោកអ្នកដឹងទេថា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍គឺ នៅពេលនេះ គឺជាទីផ្សារបច្ចេកវិទ្យាដ៏ក្ដៅជាងគេក្នុងពិភពលោក? “សេះ” ចំនួន ៨ ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារ បានលេចមុខឡើងនៅក្នុងតំបន់ដោយរួមមានក្រុមហ៊ុន Sea (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសសិង្ហបុរី) ក្រុមហ៊ុន Grab Taxi (ក្រុមហ៊ុនផ្នែកដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Tokopedia (ក្រុមហ៊ុនផ្នែកទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ី) និងក្រុមហ៊ុន VNG (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសវៀតណាម)។ តំបន់នេះមានអ្នកប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទដៃចំនួនជាង ៣០០លាននាក់ ដែលភាគច្រើនស្ថិតក្នុងអាយុក្រោម ៣៥ឆ្នាំ)។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនទុនវិនិយោគផ្សងព្រេង (Venture capital firm) របស់អាមេរិក មានការិយាល័យនៅប្រទេសសិង្ហបុរី និងទីក្រុងដទៃទៀតនៅក្នុងតំបន់។ ក្រុមហ៊ុនទាំងនេះកំពុងតែកសាងទំនាក់ទំនងចេញផលិតផលថ្មីៗ ហើយផ្ដល់ថវិកាដល់ក្រុមហ៊ុនទើបបង្កើតថ្មីរាប់សិបទៀតនៅក្នុងតំបន់។
វិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា កំពុងតែមានការកើនឡើងយ៉ាងឆាប់ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា ដែលកំពុងរះ ដូចជាក្រុមហ៊ុន Morakot Technology, Khmerload, Pathmazing និងក្រុមហ៊ុនដទៃទៀតជាច្រើន កំពុងតែស្វែងយល់ពីទីផ្សារអាស៊ាន ដើម្បីរៀបចំខ្លួនចូលប្រឡូកនៅក្នុងតំបន់។
ក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា កំពុងតែធ្វើការបានយ៉ាងច្រើនគួរអោយភ្ញាក់ផ្អើលអោយគេហទំព័រធំៗផ្នែកពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់អាមេរិក លីកកីឡា និងបណ្ណាល័យ។ តែគេអាចនាំការរីកចម្រើននៃបច្ចេកវិទ្យានៃតំបន់អាស៊ីអាគ្នេយ៍មកដល់ប្រទេសកម្ពុជា បានច្រើនថែមទៀត។ ទាំងក្រុមហ៊ុន IT ធំៗ ទាំងក្រុមហ៊ុនថ្មីៗផ្នែកបច្ចេកវិទ្យាទទួលប្រយោជន៍ពីការវិនិយោគដោយផ្ទាល់ថែមទៀតរបស់បរទេស លុយសម្រាប់ការវិនិយោគថ្មីៗរបស់បរទេស និងទំនាក់ទំនងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងតំបន់។ ការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗអោយចូលមកកម្ពុជា នឹងជួយក្រុមហ៊ុនទើបបង្កើតថ្មីរបស់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកវិស្វកម្ម និងផ្នែកបង្កើតកម្មវិធីស្មុគស្មាញ ដែលក្រុមហ៊ុនទាំងនោះប្រឈមមុខការនាំយកផលិតផលចូលទៅក្នុងទីផ្សារ។
ដើម្បីអោយមានដូច្នេះទៅបាន រដ្ឋាភិបាល វិស័យឯកជននិងដៃគូអន្តរជាតិរបស់កម្ពុជា ត្រូវធ្វើការជាមួយគ្នា។ ផ្អែកទៅតាមបទពិសោធន៍រយៈពេល ៣០ឆ្នាំរបស់ខ្ញុំនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំមើលឃើញការងារសំខាន់បួនដែលត្រូវធ្វើនៅពេលខាងមុខ។
ការងារត្រូវធ្វើទី១ គឺលើកកម្ពស់ផ្នែកទីផ្សារ (Job #1: Improve Marketing)
ទិដ្ឋភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ឈរលើចំណុចខ្លាំងសំខាន់ៗមួយចំនួន។ កម្មវិធីព័ត៌មានវិទ្យា (IT) នៅតាមសាកលវិទ្យាល័យរបស់កម្ពុជា កំពុងមានគុណភាពកើនឡើង ហើយមានសិស្សល្អៗរៀនចប់រាល់ឆ្នាំ។ មានកន្លែងធ្វើការរួមគ្នារាប់សិបកន្លែងផ្ដល់បច្ចេកទេស និងសេវាសម្រាប់ក្រុមហ៊ុនចាប់ផ្ដើមដំបូងៗ និងកន្លែងពិសោធន៍តាមបែបថ្មី កំពុងតែផ្ដល់ការគាំទ្រចាំបាច់សម្រាប់គ្រាដំបូងៗដល់សហគ្រិនផ្នែកបច្ចេកវិទ្យា។ ហេដ្ឋារចនាសម្ព័ន្ធ IT ល្អ បរិយាកាសធុរកិច្ចកក់ក្ដៅ អ៊ីនធឺណិតថោក ប្រាក់បៀវត្សសមរម្យ ប្រជាជនច្រើនស្ថិតក្នុងអាយុក្មេង និងមានចិត្តចង់ធ្វើការដោយប្រើបច្ចេកវិទ្យាថ្មីៗ ថែមទាំងជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗរបស់កម្ពុជា ផងដែរ។
តែការពិត គឺថាមានជនបរទេសមិនច្រើនទេដែលដឹងពីឱកាសនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ កម្រិតនៃការវិនិយោគដោយផ្ទាល់របស់បរទេសនៅក្នុងវិស័យនេះគឺទាបនៅឡើយ ដែលជាការធ្វើអោយក្រុមហ៊ុនក្នុងស្រុកខ្វះឯកទេសជំនាញ និងធនធានដែលគេត្រូវការសម្រាប់ឈានទៅកម្រិតមួយទៀត ហើយពង្រីកខ្លួនជាអន្តរជាតិ។ កាលពីខែមុន ខ្ញុំបានណែនាំក្រុមហ៊ុនវិនិយោគអាមេរិកចំនួន ២៥ នៅប្រទេសសិង្ហបុរី អោយមកធ្វើការវិនិយោគនៅកម្ពុជា តែគ្មានក្រុមហ៊ុនមួយណាក្នុងចំណោមក្រុមហ៊ុនទាំងនោះដឹងច្រើនពីផ្នែកបច្ចេកវិទ្យានៅកម្ពុជា ទេ។
ស្ថានទូតអាមេរិក កំពុងតែខិតខំធ្វើការដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា និងនៅសហរដ្ឋអាមេរិក ដែលពោរពេញទៅដោយអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងទុនសម្រាប់វិនិយោគច្រើនជាងគេក្នុងពិភពលោក។ អ្នកឯកទេស និងសហគ្រិនល្បីៗរបស់កម្ពុជា ផ្នែកបច្ចេកវិទ្យាចំនួន ៨នាក់បានទៅទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក នៅពេលនេះ ដើម្បីជួបជាមួយសហគ្រិនអាមេរិក និងស្វែងយល់ពីការដែលទីក្រុង និងរដ្ឋនានារបស់សហរដ្ឋអាមេរិក ជួយដល់ឧស្សាហកម្មបច្ចេកវិទ្យារបស់គេ។
នៅចុងឆ្នាំនេះ ស្ថានទូតអាមេរិក នឹងឧបត្ថម្ភរបាយការណ៍ដំបូងស្ដីពី “បច្ចេកវិទ្យានៅកម្ពុជា” (Tech in Cambodia) ដើម្បីរកទីផ្សារសម្រាប់វិស័យនេះក្នុងចំណោមអនាគតវិនិយោគិន។ របាយការណ៍នេះនឹងប្រមូលព័ត៌មានសំខាន់ៗស្ដីពីវិស័យបច្ចេកវិទ្យារបស់កម្ពុជា ដូចជាការងារបទប្បញ្ញត្តិនានា និន្នាការនៃឧស្សាហកម្ម និង ឱកាសវិនិយោគ។ នៅពេលបានរបាយការណ៍ហើយ ខ្ញុំគ្រោងនឹងដឹកនាំគណៈប្រតិភូមួយនៃអ្នកដឹកនាំបច្ចេកវិទ្យាកម្ពុជា ទៅប្រទេសសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក វិនិយោគិន និងបណ្ដាញក្រុមហ៊ុនអាមេរិកនៅទីនោះ។ គេមានវិធីច្រើនក្នុងការរកទីផ្សារសម្រាប់វិស័យបច្ចេកវិទ្យារបស់កម្ពុជា។ យើងគួរធ្វើការសហការគ្នាក្នុងការរៀបចំសន្និសីទមួយស្ដីពីបច្ចេកវិទ្យារបស់កម្ពុជា នៅឆ្នាំ២០១៨។
ការងារត្រូវធ្វើទី២៖ សម្រេចចិត្តលើចំណែកទីផ្សារពិសេសផ្នែកបច្ចេកវិទ្យានៅកម្ពុជា (Job #2: Decide on Cambodia’s Tech Niche)
នៅពេលមកទីក្រុងភ្នំពេញក្នុងឆ្នាំនេះ អ្នកបោះទុនវិនិយោគផ្សងព្រេង (Venture capitalist) អាមេរិក ដ៏ល្បីម្នាក់បានប្រាប់ខ្ញុំថា សម្រាប់ប្រទេសតូចដូចជាប្រទេសកម្ពុជា វាជាការមានសារសំខាន់ដែលត្រូវកំណត់អោយបាននូវចំណែកទីផ្សារពិសេសដែលមានភាពប្រកួតប្រជែងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាសាកលលោក ហើយទាញយកប្រយោជន៍ពីចំណែកទីផ្សារនេះអោយបានខ្លាំងក្លា។ នៅក្នុងឧស្សាហកម្មមួយដែលមានដំណើរទៅមុខលឿន និងប្រកបដោយភាពប្រកួតប្រជែង ដូចជាឧស្សាហកម្មបច្ចេកវិទ្យា នេះជាវិធីល្អបំផុតដើម្បីធ្វើខ្លួនអោយមានភាពលេចធ្លោ ហើយទាក់ទាញអ្នកមានទេពកោសល្យ និងទុន។
ឧទាហរណ៍ ប្រទេសអេស្តូនី ដែលជាប្រទេសតូចមួយមានប្រជាជនចំនួន ១,៥លាននាក់នៅទ្វីបអឺរ៉ុប បានធ្វើការដោយជោគជ័យជាមួយវិស័យឯកជនរបស់ខ្លួន ដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ក្នុងការផ្ដល់សេវាគ្រប់គ្រងតាមអ៊ីនធឺណិត (E-governance service)។ ប្រទេសសិង្ហបុរី គឺជាមជ្ឈមណ្ឌលនៃទុនវិនិយោគផ្សងព្រេង និងប្រាជ្ញាសិប្បនិមិត្ត (Artificial intelligence)។ ប្រទេសឥណ្ឌូនេស៊ី ដើរតួនាទីសំខាន់ក្នុងផ្នែកទីផ្សារតាមអ៊ីនធឺណិត (E-marketplace) និងវិស័យឯកជន។
វាគ្មានហេតុផលដែលប្រទេសកម្ពុជា មិនអាចក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងចំណែកទីផ្សារពិសេសរបស់ខ្លួននោះទេ។ តែការកំណត់បាននូវចំណែកទីផ្សារពិសេសនេះ ហើយនិងការដៅអោយចំកន្លែងនូវការជួយគាំទ្រពិសេសសម្រាប់រឿងនេះ ទាមទារអោយមានការធ្វើសហប្រតិបត្តិការជិតស្និទ្ធរវាងវិស័យឯកជន និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ការសម្ពោធបើកប្រតិបត្តិការនៃក្រុមហ៊ុន Uber នៅភ្នំពេញ កាលពីខែមុន បង្ហាញអោយឃើញពីផលនៃការធ្វើសហប្រតិបត្តិការគ្នាប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងឧស្សាហកម្ម។ Uber គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតដែលមានទុនច្រើនបំផុតក្នុងពិភពលោក តែមានបញ្ហាកាន់តែច្រើនឡើងនៅក្នុងទីផ្សារជាច្រើន។ ដោយសារមានកិច្ចសហប្រតិបត្តិការដ៏ខ្លាំងពីក្រសួងសាធារណការ និងដឹកជញ្ជូន ពេលនេះ ប្រទេសកម្ពុជា មានក្របខ័ណ្ឌបញ្ញត្តិច្បាប់ដែលសម្លឹងទៅមុខសម្រាប់ការប្រើយានជំនិះរួមគ្នានៅអាស៊ី។ ក្របខ័ណ្ឌនេះនឹងនាំទៅរកកំណើនខ្លាំងក្លានៃទីផ្សារប្រើយានជំនិះរួមគ្នារបស់ប្រទេសកម្ពុជា ក្នុងពេលដែលគូប្រជែងរបស់ក្រុមហ៊ុន Uber ក៏សម្លឹងមករកទីផ្សារនេះដែរ។ ប្រហែលការប្រើយានជំនិះរួមគ្នា និងកម្មវិធីផ្នែកទន់ដទៃទៀតសម្រាប់ការធ្វើដំណើរអាចជាចំណែកទីផ្សារពិសេសរបស់ប្រទេសកម្ពុជា។
ការងារត្រូវធ្វើទី៣៖ ប្រកាសគំនិតផ្ដួចផ្ដើមមួយស្ដីពីបច្ចេកវិទ្យាគោលដៅ (Job #3: Announce a Targeted Tech Initiative)
បច្ចេកវិទ្យាខុសពីកម្មន្តសាលកម្ម (Manufacturing) សំណង់ និងវិស័យដទៃទៀតនៃសេដ្ឋកិច្ចកន្លងមក។ តម្រូវការទុនសម្រាប់ក្រុមហ៊ុនទើបចាប់ផ្ដើមដំបូង គឺទាប ពិសេសនៅពេលចាប់ផ្ដើមដំបូង។ សហគ្រិនបច្ចេកវិទ្យាច្រើនជាមនុស្សនៅក្មេង មានគំនិតច្នៃប្រឌិត ចេះធ្វើការសហការគ្នា និងមានការគិតគូរបែបអន្តរជាតិ។ មេរៀននៃ Silicon Valley និងមជ្ឈមណ្ឌលបច្ចេកវិទ្យាដទៃទៀត គឺថាវិធីល្អបំផុតសម្រាប់ធ្វើអោយវិស័យបច្ចេកវិទ្យាមានការដុះដាលទៅមុខ គឺត្រូវផ្ដល់សញ្ញាមួយច្បាស់ថា ក្រុមហ៊ុនទើបបង្កើតថ្មី និងសហគ្រិនបច្ចេកវិទ្យាត្រូវបានស្វាគមន៍ ផ្ដោតការខិតខំរបស់រដ្ឋាភិបាលទៅលើការពង្រឹងផ្នែកប្រយោលដែលសំខាន់ចាំបាច់សម្រាប់វិស័យនេះ និងត្រូវអោយដំណើរការដែលមានលក្ខណៈច្នៃប្រឌិត ដើរទៅដោយខ្លួនវា។
បន្ទាប់ពីប្រទេសសិង្ហបុរី ប្រទេសកម្ពុជា មានបរិយាកាសធុរកិច្ចដែលមានភាពអនុគ្រោះបំផុតនៅក្នុងតំបន់។ ក្រុមហ៊ុនដែលទើបបង្កើតថ្មី មិនត្រូវការជំនួយហិរញ្ញវត្ថុដោយផ្ទាល់ពីរដ្ឋាភិបាលទេនៅពេលនេះ។ តែរដ្ឋាភិបាលអាចផ្ញើសារស្វាគមន៍មួយទៅកាន់វិនិយោគិនអន្តរជាតិ បើខ្លួនពិគ្រោះជាមួយផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ហើយប្រកាសកម្មវិធីកំណត់មួយដើម្បីជួយក្រុមហ៊ុនបង្កើតថ្មី និងវិស័យបច្ចេកវិទ្យា។ កម្មវិធីនេះអាចត្រូវបានរៀបចំឡើងដូចកម្មវិធី “Thailand 4.0” របស់ប្រទេសថៃ ឬគំនិតផ្ដួចផ្ដើម “Vietnam Silicon Valley” របស់ប្រទេសវៀតណាម។
គំនិតផ្ដួចផ្ដើមបែបនេះអាច៖
ក) បង្កើតក្រុមពិគ្រោះយោបល់រវាងវិស័យឯកជន និងវិស័យសាធារណៈ សម្រាប់ផ្ដល់អនុសាសន៍ដល់គោលនយោបាយដើម្បីបង្កើនល្បឿននៃកំណើនលូតលាស់នៃវិស័យបច្ចេកវិទ្យានៅកម្ពុជា។
ខ) ប្រកាសការសម្រួលពន្ធ ទិដ្ឋាការសម្រាប់អ្នកជំនួញ លក្ខខណ្ឌទាមទារក្នុងការចុះបញ្ជីក្រុមហ៊ុនសម្រាប់ក្រុមហ៊ុនតូចៗទើបបង្កើតថ្មី (ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម លេខ ២២៩ និងលេខ ៣០០ គឺជាការចាប់ផ្ដើមល្អក្នុងទិសដៅនេះ) និង
គ) បញ្ជូនសារដំបូងៗទៅកាន់អ្នកមានគំនិតបញ្ចូលរបៀបថ្មី (Innovator) និងអនាគតវិនិយោគិន ស្ដីពីចំណែកទីផ្សារពិសេសនៅក្នុងទីផ្សារបច្ចេកវិទ្យាពិភពលោក។
ចំណុចចុងក្រោយនេះអាចជាប្រធានបទនៃការវិភាគដ៏វែងមួយ។
ខ្ញុំសូមណែនាំអោយចងចាំប្រៀបប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ តាមរយៈការចាប់ប្រើបច្ចេកវិទ្យាថ្មីៗបានលឿនជាងប្រទេសជិតខាងខ្លួន ដែលកម្ពុជា ច្រើនធ្វើមក និងតាមរយៈការបង្កើតអោយមានបរិយាកាសនៃបទប្បញ្ញត្តិដែលមានភាពអនុគ្រោះក្នុងរយៈពេលយ៉ាងឆាប់ ប្រទេសកម្ពុជា អាចក្លាយជាអ្នកត្រួសត្រាយផ្លូវនៅក្នុងវិស័យបច្ចេកវិទ្យាថ្មី។ ទំហំតូចនៃប្រទេសកម្ពុជា អាចក្លាយជាចំណុចមានប្រៀបមួយក្នុងការប្រកួតប្រជែង ពីព្រោះក្រុមហ៊ុនបច្ចេកវិទ្យាធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើត ធ្វើតេស្តមើល និងលក់ផលិតផលដែលគេអាចយកទៅលក់ក្នុងចំនួនច្រើននៅក្នុងទីផ្សារធំៗក្នុងប្រទេសកំពុងអភិវឌ្ឍធំៗនានា។
ការងារដែលត្រូវធ្វើទី៤៖ កុំភ្លេចការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន (Job # 4: Don’t forget about corporate social responsibility)
សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ វិស័យបច្ចេកវិទ្យា និងទីផ្សារសម្រាប់បច្ចេកវិទ្យាថ្មីរបស់កម្ពុជា ប្រហែលជានៅតូចពេកសម្រាប់ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យា ៥ ដែលល្អជាងគេនៅក្នុងទីផ្សារសព្វថ្ងៃ (Facebook, Amazon, Netflix និង Google ដែលមានឈ្មោះមួយទៀតថា FAANG) មានតែក្រុមហ៊ុន Netflix មួយទេដែលកំពុងមានសកម្មភាពនៅកម្ពុជា នៅពេលនេះ។ តែមានវិធីម្យ៉ាងទៀតសម្រាប់ធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានការចាប់អារម្មណ៍ គឺត្រូវផ្សព្វផ្សាយប្រទេសកម្ពុជា ថាជាទីកន្លែងល្អ មានការស្វាគមន៍សម្រាប់ការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន (CSR) និងសកម្មភាពសហគ្រិនសង្គម។
ក្រុមហ៊ុនអាមេរិក មានស្មារតីទទួលខុសត្រូវផ្នែកសង្គមខ្ពស់ ហើយមានក្រុមហ៊ុនជាច្រើនមានបទពិសោធន៍ល្អក្នុងកម្មវិធី CSR នៅកម្ពុជា។ វិស័យភាពជាសហគ្រិនសង្គមរបស់ប្រទេសកម្ពុជា មានការលូតលាស់ខ្លាំងហើយ។ ឧទាហរណ៍ កម្មវិធីដៃគូសិស្ស (Student Partners) របស់ក្រុមហ៊ុន Microsoft ធ្វើការជាមួយនិស្សិតឆ្នើមៗមកពីសាកលវិទ្យាល័យចំនួន ៥៤នាក់ ដើម្បីជំរុញអាជីពផ្នែក IT នៅកម្ពុជា។ នៅពេលទំនាក់ទំនងត្រូវបានកសាងហើយ វាមិនយូរទេដែលគេឆ្លងពីកម្មវិធី CSR ល្អមួយទៅការវិនិយោគក្នុងមុខជំនួញដំបូងនោះ។ ស្ថានទូតអាមេរិក និងគណៈកម្មាធិការ CSR របស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺជាដៃគូដ៏ល្អក្នុងការជួយក្រុមហ៊ុនអាមេរិក ក្នុងការបង្កើតគម្រោង CSR ។
ការងារត្រូវធ្វើទាំង ៤ នេះ មើលទៅហាក់ដូចជាច្រើន ប៉ុន្តែបើសិនជាឧស្សាហកម្មបច្ចេកវិទ្យា រដ្ឋាភិបាល និងដៃគូបរទេសរបស់កម្ពុជា ធ្វើការរួមគ្នា នោះវាគ្មានហេតុផលអ្វីដែលវាមិនអាចធ្វើទៅរួចទេ។ វិស័យបច្ចេកវិទ្យារបស់កម្ពុជា កំពុងតែមានកំណើនយ៉ាងលឿន ហើយបើគ្រប់គ្នាធ្វើការជាមួយគ្នា នោះរយៈពេល ១០ឆ្នាំទៀត យើងអាចក្រឡេកមើលមកឆ្នាំ២០១៨ វិញថា ជាពេលដែលវិស័យបច្ចេកវិទ្យារបស់កម្ពុជា មានការស្ទុះឡើង។
នៅពេលណាមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី នឹងមានអនាគត Bill Gates ឬ Steve Jobs របស់ប្រទេសកម្ពុជា ធ្វើការដើម្បីបង្កើតកម្មវិធី Microsoft ឬកម្មវិធី Apple របស់កម្ពុជា។ អ្នកនោះគ្រាន់តែត្រូវការការជួយបន្តិចបន្តួចតែប៉ុណ្ណោះ ដើម្បីឈានទៅដល់កម្រិតនេះ!
តំណភ្ជាប់ទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕