និយ័តករទូរគមនាគមន៍កម្ពុជា (Telecommunication Regulator of Cambodia, TRC) បានបង្ហាញថា អ្នកប្រើប្រាស់ទូរស័ព្ទចល័ត និងអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតចល័ត 3G/4G-LTE នៅកម្ពុជា គិតត្រឹមចុងខែសីហា នេះ គឺមានចំនួនច្រើនជាងប្រជាជនសរុបទៅទៀត។
ស្ថិតិនៃការប្រើប្រាស់សេវាទូរគមនាគមន៍ផ្ដល់ដោយប្រតិបត្តិករផ្សេងៗគ្នាដែលកំពុងប្រតិបត្តិការផ្ដល់សេវាទូរគមនាគមន៍នៅកម្ពុជា ត្រូវបានបង្ហាញនៅក្នុងពិធីបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៨ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់និយ័តករទូរគមនាគមន៍កម្ពុជា នាសាលប្រជុំធំរបស់និយ័តករទូរគមនាគមន៍កម្ពុជា និងត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) របស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
អានអត្ថបទផ្សេងទៀត៖
- យល់ដឹងពីសុភនិច្ឆ័យនៃការប្រើប្រាស់អ៊ីនធឺណិត ឬហ្វេសប៊ុក (វគ្គ១)
- Facebook ប្រាប់ពីគន្លឹះឆែកមើលព័ត៌មានក្លែងក្លាយ (Fake News)
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេហេកមកវិញ
ទិន្នន័យដែលត្រូវបានបែងចែកជា ៦ប្រភេទ និងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់និយ័តករទូរគមនាគមន៍កម្ពុជា មានដូចខាងក្រោម៖
- ចំនួនទូរស័ព្ទចល័តសរុប ១៩.០៧៥.៧២៥ស៊ីមកាត (ផ្តល់ដោយប្រតិបត្តិករចំនួន៦) ត្រូវនឹង ១១៨,៧០% បើធៀបនឹងប្រជាជនសរុប។
- ចំនួនទូរស័ព្ទអចល័តសរុប ១០២.៧៧៥ខ្សែ (ផ្តល់ដោយប្រតិបត្តិករចំនួន៧) ត្រូវនឹង ០,៦៤% បើធៀបជាមួយប្រជាជនសរុប។
- ចំនួនបណ្ដាញអ៊ីនធឺណិតចល័ត 3G/4G-LTE សរុប ១២.០៩៦.៣១៦ស៊ីមកាត (ផ្តល់ដោយប្រតិបត្តិករចំនួន៧) ក្នុងចំណោមស៊ីមកាតទូរស័ព្ទចល័ត ១៩.០៧៥.៧២៥ ត្រូវនឹង ៧៥,២៧% បើធៀបជាមួយប្រជាជនសរុប។
- ចំនួនបណ្ដាញអ៊ីនធឺណិតអចល័តសរុប ១៣២.៨៨៩ខ្សែ (ផ្តល់ដោយប្រតិបត្តិករចំនួន៣៤) ត្រូវនឹង ០,៨២% បើធៀបជាមួយប្រជាជនសរុប។
- អ្នកប្រើប្រាស់គណនីហ្វេសប៊ុកនៅកម្ពុជា ត្រឹមខែមករា ឆ្នាំ២០១៨ មានរហូតដល់ប្រមាណ ៦,៨លានគណនី។
- ប្រជាជនកម្ពុជា សរុប តាមការទស្សន៍ទាយ និងប៉ាន់ស្មានដោយអង្គការ JICA ជប៉ុន មានចំនួន ១៦.០៦៩.៩២១នាក់។
ចំណែករបាយការណ៍ផ្សព្វផ្សាយនៅលើវែបសាយ Geek in Cambodia ឲ្យដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុកសរុបនៅកម្ពុជា គិតត្រឹមឆ្នាំ២០១៨ មាន ៦លាន ៨សែនគណនី គឺកើនឡើង ៤១,៦៧% ប្រៀបធៀបនឹងឆ្នាំ២០១៧ មានអ្នកប្រើប្រាស់ហ្វេសប៊ុកសរុប ៤លាន ៨សែនគណនី៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕