កម្មវិធី Telegram ប្រើនៅលើកុំព្យូទ័រ (Desktop version) ត្រូវបានរកឃើញថាលេចធ្លាយអាសយដ្ឋានអ៊ីនធឺណិត (IP Address) របស់អ្នកប្រើប្រាស់ទាំងអាសយដ្ឋានឯកជន (Private IP) និងអាសយដ្ឋានសាធារណៈ (Public IP) នៅពេលហៅចេញជាសំឡេងទៅរកគ្នា (Voice Call)។
តាមរយៈការស្រាវជ្រាវរបស់លោក Dhiraj Mishra ទៅលើផ្នែកសន្តិសុខរបស់កម្មវិធី Telegram នៅលើកុំព្យូទ័រ បានឲ្យដឹងថា កម្មវិធី Telegram សម្រាប់ប្រើលើកុំព្យូទ័រទាំងនៅលើ Windows នៅលើ Ma នៅលើ Linux និងនៅលើ Windows Apps មានលេចធ្លាយអាសយដ្ឋានអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេហៅចេញជាសំឡេង។
ដោយសារកម្មវិធី Telegram ប្រើ peer-to-peer (P2P) framework ដើម្បីបង្កើតទំនាក់ទំនងដោយផ្ទាល់រវាងអ្នកហៅចេញ និងអ្នកទទួលដើម្បីឲ្យឮសំឡេងបានល្អ ទើបអាសយដ្ឋានអ៊ីនធឺណិតអ្នកទាំងពីរត្រូវបង្ហាញចេញ។ ដូច្នេះ ប្រសិនបើ hacker ចង់បាន IP address របស់អ្នក hacker គ្រាន់តែហៅចេញ (call) ទៅអ្នក ហើយនៅពេលដែលអ្នកទទួលការហៅចូល នោះ IP Address របស់អ្នកនឹងបង្ហាញចេញឲ្យ hacker ឃើញភ្លាម។

អានអត្ថបទផ្សេងទៀត៖
- ចាក់សោហ្វេសប៊ុកថែមមួយជាន់ទៀត មិនឲ្យ Hackers លួចយកបាន
- ចាក់សោ Gmail ថែមមួយជាន់ទៀត ជាមួយកម្មវិធី Authy 2FA Apps
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ដើម្បីជៀសវាងការលេចធ្លាយ IP Address នេះ សូមអ្នកអនុវត្តដូចខាងក្រោម៖
នៅលើកុំព្យូទ័រ (Desktop/Laptop Computer)
- ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram (update) នៅលើកុំព្យូទ័រទៅកាន់ជំនាន់ចុងក្រោយ គឺ 1.4
- បើកដំណើរការកម្មវិធី Telegram បន្ទាប់មកចុចលើសញ្ញាឆ្នូតបីនៅខាងលើផ្នែកខាងឆ្វេងដៃ (មើលរូបភាពខាងក្រោម)

- ជ្រើសយកពាក្យ Settings (មើលរូបភាពខាងក្រោម)

- ជ្រើសយកពាក្យ Privacy and Security (មើលរូបភាពខាងក្រោម)

- ជ្រើសយកពាក្យ Voice Calls (មើលរូបភាពខាងក្រោម)

- ត្រង់ផ្នែក peer-to-peer សូមជ្រើសយកពាក្យ Nobody ឬ My Contacts រួចចុចប៊ូតុង Save ជាការស្រេច (មើលរូបភាពខាងក្រោម)។

នៅលើទូរស័ព្ទឆ្លាតវៃ (Smartphone) Android
- ដំបូង Update Telegram App នៅលើទូរស័ព្ទរបស់អ្នក
- បើកដំណើរការកម្មវិធី Telegram បន្ទាប់មកចុចលើសញ្ញាឆ្នូតបីនៅខាងលើផ្នែកខាងឆ្វេងដៃ (មើលរូបភាពខាងក្រោម)

- ចុចលើពាក្យ Settings (មើលរូបភាពខាងក្រោម)

- ចុចលើពាក្យ Privacy and Security (មើលរូបភាពខាងក្រោម)

- អូសអេក្រង់ទូរស័ព្ទឡើងទៅលើ និងស្វែងរកពាក្យ Peer-to-peer រួចចុចលើពាក្យនេះ (មើលរូបភាពខាងក្រោម)

- ជ្រើសរើសយកពាក្យ Nobody ឬ My Contacts ជាការស្រេច (មើលរូបភាពខាងក្រោម)។

ករណីអ្នកជ្រើសយក Nobody នោះការហៅចេញជាសំឡេងរបស់អ្នកនឹងកាត់បន្ថយគុណភាព ប៉ុន្តែអាសយដ្ឋានអ៊ីនធឺណិត (IP Address) របស់អ្នក នឹងមិនបង្ហាញឲ្យនរណាម្នាក់ឃើញឡើយ សូម្បីមនុស្សនៅក្នុង Contact របស់អ្នក។
បច្ចុប្បន្ន Telegram មានអ្នកប្រើប្រាស់ទូទាំងសកលលោកជាង ២០០លាននាក់ និងត្រូវបានចាត់ថ្នាក់ជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតទី៩ លើពិភពលោក។
Telegram គឺជាកម្មវិធីផ្ញើ និងទទួលសារតាមរយៈអ៊ីនធឺណិតដោយផ្ដោតសំខាន់លើល្បឿន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី។ កម្មវិធី Telegram ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៣ និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយសហគ្រិនបងប្អូនជនជាតិរុស្ស៊ី គឺលោក Pavel Valerievich Durov និងលោក Nikolai Durov។ បច្ចុប្បន្ន ក្រុមអ្នកបង្កើតកម្មវិធី Telegram គឺមានទីតាំងនៅទីក្រុង Dubai បន្ទាប់ពីពួកគេត្រូវចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែច្បាប់គ្រប់គ្រងព័ត៌មានវិទ្យា (IT regulations)។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕