ជនជាតិចិន ពីរនាក់ ត្រូវបានប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែឧសភា ម្សិលមិញ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត (WeChat)។
ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់នេះ គឺមានបញ្ជាផ្ទាល់ពីឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការសហការជាមួយនឹងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិទ្ធ។
ទំព័រហ្វេសប៊ុកដដែលបន្តថា ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់នេះ គឺជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត (WeChat)។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យក្នុងករណីជំរិតទារប្រាក់នេះ ទី១ ឈ្មោះ Wang Dao Dong ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិចិន និងជនសង្ស័យទី២ ឈ្មោះ Jiang Feng ភេទប្រុស អាយុ ៣៧ឆ្នាំ សញ្ជាតិចិនដូចគ្នា។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឱ្យបានដឹងផង។ សូមអរគុណ..!
អត្ថបទទាក់ទង
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕