រដ្ឋាភិបាលឥណ្ឌា ហាមឃាត់កម្មវិធីស្មាតហ្វូន (smartphone apps) របស់ប្រទេសចិនបន្ថែមទៀតចំនួន ៤៧ Apps នៅថ្ងៃសុក្រ សប្ដាហ៍មុន ដែលកម្មវិធីទាំងនោះជាកម្មវិធី clones (ចម្លង) ឬជាកម្មវិធីដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីទូរស័ព្ទដែលត្រូវបានហាមឃាត់កាលពីខែមុន។
ការហាមឃាត់កម្មវិធីស្មាតហ្វូនចំនួន ៤៧ កម្មវិធីបន្ថែមទៀតនេះ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានហាមឃាត់កម្មវិធីដ៏ពេញនិយមរបស់ចិន គឺ Tik Tok, WeChat និងកម្មវិធីចំនួន ៥៧ ផ្សេងទៀតកាលពីខែមិថុនា ឆ្នាំ២០២០។
ក្រសួងបច្ចេកវិទ្យាព័ត៌មាននៃរដ្ឋាភិបាលឥណ្ឌា ឱ្យដឹងតាមរយៈសារព័ត៌មាន The Indian Express ប្រទេសឥណ្ឌាថា «បញ្ហានៃការហាមឃាត់នេះគឺស្ថិតនៅត្រង់ក្រមសីលធម៌ប្រតិបត្តិការនៃកម្មវិធីទូរស័ព្ទទាំងនោះ។ នេះគឺជាដំណើរការ។ ប្រសិនបើកម្មវិធីមានលក្ខណៈក្រោមមូលដ្ឋាននៃក្រមសីលធម៌ប្រតិបត្តិការ កម្មវិធីទាំងអស់នោះនឹងស្ថិតក្រោមការស្កេន (ត្រួតពិនិត្យ)»។ ប្រភពបញ្ជាក់បន្ថែមថា ក្រមសីលធម៌ប្រតិបត្តិការគឺសំដៅលើទិន្នន័យត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលនៃប្រទេសចិន។
ដកស្រង់ពី «ការលេចឡើងនៃការគំរាមកំហែង» ពីកម្មវិធីទូរស័ព្ទដ៏ល្បីៗដែលមានប្រភពពីប្រទេសចិន ដូចជាកម្មវិធី Tik Tok, ShareIt, UCBrowser, Club Factory and CamScanner ឥណ្ឌាបានហាមឃាត់កម្មវិធីទូរស័ព្ទចំនួន ៥៩ កាលពីថ្ងៃទី២៩ មិថុនា ផ្អែកលើព័ត៌មានដែលជាប់ពាក់ព័ន្ធដល់ឯកជនភាព សុវត្ថិភាព និងសន្តិសុខជាតិ ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ។
ប្រធានមជ្ឈមណ្ឌលសម្របសម្រួលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៃរដ្ឋាភិបាលឥណ្ឌា (National Cyber Coordination Center, NCCC) លោក Rajesh Pant ថ្លែងប្រាប់សារព័ត៌មាន The Indian Express បន្ទាប់ពីហាមឃាត់កម្មវិធីទូរស័ព្ទកាលពីខែមិថុនា ថា «យើងមានបច្ចេកទេសក្នុងការស្វែងរកថាតើទិន្នន័យវាទៅដល់ណា តើកូដអ្វីដែលលាក់ខ្លួនក្នុងកម្មវិធី។ ផ្អែកលើការរកឃើញទាំងនេះ និងរួមផ្សំជាមួយនឹងពាក្យបណ្ដឹង រដ្ឋាភិបាលក៏សម្រេចអនុវត្តតាមគ្រប់វិធីទាំងអស់…»។
រដ្ឋាភិបាលឥណ្ឌា ចាប់ផ្ដើមហាមឃាត់កម្មវិធីស្មាតហ្វូនដែលមានប្រភពពីប្រទេសចិន បន្ទាប់ពីកងកម្លាំងយោធាឥណ្ឌា ប៉ះទង្គិចជាមួយកងទ័ពប្រទេសចិន ក្នុងតំបន់ឡាដាក (Ladakh) ភាគខាងជើងប្រទេសឥណ្ឌា ដែលបណ្ដាលឱ្យយោធាឥណ្ឌាយ៉ាងហោចណាស់ស្លាប់ ២០នាក់ និងរបួសជាង ៧៥នាក់កាលពីថ្ងៃទី១៥ មិថុនា កន្លងទៅ៕