ផ្កាយរណបផលិតដោយវិស្វករជនជាតិវៀតណាម នឹងត្រូវបាញ់បង្ហោះទៅកាន់តារាវិថីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សប្ដាហ៍ក្រោយនៅម៉ោង ៧:៥០នាទី (ម៉ោងនៅទីក្រុងហាណូយ)។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាមផ្លាស់។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលអវកាសជាតិវៀតណាម (Vietnam National Space Center, VNSC) ផ្សាយនៅថ្ងៃទី៩ ខែមករា និងត្រូវបានដកស្រង់ដោយកាសែតវៀតណាមផ្លាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ផ្កាយរណបឈ្មោះ MicroDragon ផលិតនៅវៀតណាម និងជាផ្កាយរណបតាមដានផែនដី នឹងត្រូវបាញ់បង្ហោះដោយរ៉ុកកែតឈ្មោះ Epsilon-4 ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ស្ថិតក្នុងតំបន់ Kagoshima Prefecture នៃប្រទេសជប៉ុន។
ផ្កាយរណប MicroDragon ត្រូវបានបង្កើតឡើងដោយវិស្វករជនជាតិវៀតណាម ចំនួន ៣៦នាក់ពីមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ដែលវិស្វករទាំងនោះធ្លាប់សិក្សាបច្ចេកវិទ្យាអវកាសនៅមហាវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ដូចជាមហាវិទ្យាល័យតូក្យូ (Tokyo) មហាវិទ្យាល័យគេអូ (Keio) មហាវិទ្យាល័យហុកកៃដូ (Hokkaido) មហាវិទ្យាល័យតូហូគឹ (Tohoku) និងវិទ្យាស្ថានបច្ចេកវិទ្យាគីយូសឹ (Kyushu)។ ពួកគេចាប់ផ្ដើមផលិតផ្កាយរណបនេះនៅក្នុងឆ្នាំ២០១៣ និងផលិតបានជោគជ័យទាំងស្រុង ព្រមទាំងធ្វើតេស្ដសាកល្បងផងនៅក្នុងឆ្នាំ២០១៧។
អានអត្ថបទផ្សេងទៀត៖
- កម្ពុជា គ្រោងបាញ់បង្ហោះផ្កាយរណបដំបូងនៅឆ្នាំ២០២១
- ចិន គ្រោងបង្ហោះព្រះចន្ទសិប្បនិម្មិតជួយបំភ្លឺទីក្រុងនៅឆ្នាំ២០២០
- ក្រុមហ៊ុនចិន ចំនួន ៣ រួមគ្នាបង្កើតអាជីវកម្មអនឡាញនៅក្រុងបាវិត
សារព័ត៌មានដដែលឲ្យដឹងទៀតថា ផ្កាយរណបនេះមានទំហំ ៥០x៥០x៥០សង់ទីម៉ែត្រ និងទម្ងន់ ៥០គីឡូក្រាម ហើយវាត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យលើគុណភាពទឹកនៅតំបន់ឆ្នេរសមុទ្រ កំណត់ទីតាំងនៃធនធានមច្ឆា និងតាមដានការផ្លាស់ប្ដូរនៃទឹកសមុទ្រដើម្បីជាជំនួយដល់វារីវប្បកម្មជាតិរបស់វៀតណាម។ លើសពីនេះទៀត ផ្កាយរណបនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយសហគមន៍ Microsatellite នៅក្នុងពិភពលោក ដើម្បីបង្កើនសមត្ថភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។

កាលពីឆ្នាំ២០១៣ វិស្វករនៃមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ក៏បានផលិត និងបាញ់បង្ហោះផ្កាយរណបមួយដោយជោគជ័យដែរ។ ផ្កាយរណបនោះមានឈ្មោះថា PicoDragon មានទំហំ ១០x១០x១១,៣៥សង់ទីម៉ែត្រ និងមានទម្ងន់ ១គីឡូក្រាម។
តាមគម្រោង បន្ទាប់ពីបាញ់បង្ហោះផ្កាយរណប MicroDragon នោះវៀតណាម នឹងផលិតផ្កាយរណបពីរទៀតមានឈ្មោះថា LOTUSat-1 និង LOTUSat-2 បំពាក់ដោយបច្ចេកវិទ្យារ៉ាដាទំនើប ដែលមានទម្ងន់រហូតដល់ ៦០០គីឡូក្រាម និងទំហំ ១,៥x១,៥x៣ម៉ែត្រ ហើយមានអាយុរហូតដល់ ៥ឆ្នាំនៅក្នុងតារាវិថី។ វៀតណាម ក៏កំពុងតែផលិតផ្កាយរណបឈ្មោះ NanoDragon មានទម្ងន់ ១០គីឡូក្រាមផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕