MicroDragon ដែលជាផ្កាយរណបផលិតដោយវិស្វករជនជាតិវៀតណាម ត្រូវបានពន្យារពេលមួយថ្ងៃក្នុងការបាញ់បង្ហោះទៅកាន់អវកាស ដោយសារតែអាកាសធាតុមិនល្អ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមផ្លាស់ នៅថ្ងៃទី១៧ មករា។
ដោយសារតែអាកាសធាតុមិនល្អ ទើបគម្រោងបាញ់បង្ហោះផ្កាយរណប MicroDragon នេះត្រូវគេពន្យារពេលទៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅម៉ោង ៧:៥០នាទី (ម៉ោងទីក្រុងហាណូយ) វិញ។
តាមគម្រោង ផ្កាយរណប MicroDragon របស់វៀតណាម នេះ នឹងត្រូវគេបាញ់បង្ហោះទៅកាន់អវកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ម៉ោង ៧:៥០នាទី (ម៉ោងនៅទីក្រុងហាណូយ) ដោយរ៉ុកកែតឈ្មោះ Epsilon-4 ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ក្នុងប្រទេសជប៉ុន។
MicroDragon នឹងត្រូវបាញ់បង្ហោះជាមួយនឹងផ្កាយរណបចំនួន ៦ ផ្សេងទៀតពីប្រទេសជប៉ុន ហើយនឹងផ្ដាច់ចេញពីរ៉ុកកែតក្រោយពីរយៈពេលបាញ់ ១ម៉ោង និង ៥នាទី។ ផ្កាយរណបនេះត្រូវបានគេរំពឹងថានឹងត្រូវការពេលប្រហែលពី ១ខែទៅ ៣ខែដើម្បីឈានដល់ដំណើរការមានភាពប្រក្រតី។
ផ្កាយរណបផលិតដោយវៀតណាមនឹងត្រូវបាញ់បង្ហោះនៅសប្ដាហ៍ក្រោយ
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលអវកាសជាតិវៀតណាម (Vietnam National Space Center, VNSC) ផ្សាយនៅថ្ងៃទី៩ ខែមករា និងត្រូវបានដកស្រង់ដោយកាសែតវៀតណាមផ្លាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ផ្កាយរណបឈ្មោះ MicroDragon ផលិតនៅវៀតណាម និងជាផ្កាយរណបតាមដានផែនដី នឹងត្រូវបាញ់បង្ហោះដោយរ៉ុកកែតឈ្មោះ Epsilon-4 ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ស្ថិតក្នុងតំបន់ Kagoshima Prefecture នៃប្រទេសជប៉ុន។
ផ្កាយរណប MicroDragon ត្រូវបានបង្កើតឡើងដោយវិស្វករជនជាតិវៀតណាម ចំនួន ៣៦នាក់ពីមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ដែលវិស្វករទាំងនោះធ្លាប់សិក្សាបច្ចេកវិទ្យាអវកាសនៅមហាវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ដូចជាមហាវិទ្យាល័យតូក្យូ (Tokyo) មហាវិទ្យាល័យគេអូ (Keio) មហាវិទ្យាល័យហុកកៃដូ (Hokkaido) មហាវិទ្យាល័យតូហូគឹ (Tohoku) និងវិទ្យាស្ថានបច្ចេកវិទ្យាគីយូសឹ (Kyushu)។ ពួកគេចាប់ផ្ដើមផលិតផ្កាយរណបនេះនៅក្នុងឆ្នាំ២០១៣ និងផលិតបានជោគជ័យទាំងស្រុង ព្រមទាំងធ្វើតេស្ដសាកល្បងផងនៅក្នុងឆ្នាំ២០១៧។
សារព័ត៌មានដដែលឲ្យដឹងទៀតថា ផ្កាយរណបនេះមានទំហំ ៥០x៥០x៥០សង់ទីម៉ែត្រ និងទម្ងន់ ៥០គីឡូក្រាម ហើយវាត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យលើគុណភាពទឹកនៅតំបន់ឆ្នេរសមុទ្រ កំណត់ទីតាំងនៃធនធានមច្ឆា និងតាមដានការផ្លាស់ប្ដូរនៃទឹកសមុទ្រដើម្បីជាជំនួយដល់វារីវប្បកម្មជាតិរបស់វៀតណាម។ លើសពីនេះទៀត ផ្កាយរណបនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយសហគមន៍ Microsatellite នៅក្នុងពិភពលោក ដើម្បីបង្កើនសមត្ថភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។
អានអត្ថបទផ្សេងទៀត
កាលពីឆ្នាំ២០១៣ វិស្វករនៃមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ក៏បានផលិត និងបាញ់បង្ហោះផ្កាយរណបមួយដោយជោគជ័យដែរ។ ផ្កាយរណបនោះមានឈ្មោះថា PicoDragon មានទំហំ ១០x១០x១១,៣៥សង់ទីម៉ែត្រ និងមានទម្ងន់ ១គីឡូក្រាម។
តាមគម្រោង បន្ទាប់ពីបាញ់បង្ហោះផ្កាយរណប MicroDragon នោះវៀតណាម នឹងផលិតផ្កាយរណបពីរទៀតមានឈ្មោះថា LOTUSat-1 និង LOTUSat-2 បំពាក់ដោយបច្ចេកវិទ្យារ៉ាដាទំនើប ដែលមានទម្ងន់រហូតដល់ ៦០០គីឡូក្រាម និងទំហំ ១,៥x១,៥x៣ម៉ែត្រ ហើយមានអាយុរហូតដល់ ៥ឆ្នាំនៅក្នុងតារាវិថី។ វៀតណាម ក៏កំពុងតែផលិតផ្កាយរណបឈ្មោះ NanoDragon មានទម្ងន់ ១០គីឡូក្រាមផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕