ស្ត្រីខ្មែរបីនាក់ទទួលបានជ័យលាភី «ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៨»។ ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យានេះ គឺជាពានរង្វាន់ដែលបង្កើតឡើងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់ស្ត្រី ការតាំងចិត្ត និងទាក់ទាញចំណាប់អារម្មណ៍ស្ត្រីក្នុងផ្នែកបច្ចេកវិទ្យាឲ្យកាន់តែច្រើននៅកម្ពុជា។
ស្ត្រីខ្មែរទាំងបីរូបដែលទទួលបានពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យានោះរួមមាន៖
- កញ្ញា ចន្ទ ពេញល័ក្ខ ទទួលបានពានរង្វាន់ស្ត្រីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍
- អ្នកស្រី ហ្វាត ស៊ីអែម (ប្រធានផ្នែករៀបចំគម្រោងទិន្នន័យក្នុងក្រុមហ៊ុនទូរគមនាគមន៍) ទទួលបានពានរង្វាន់វិស្វករស្ត្រីជោគជ័យក្នុងជំនាញបច្ចេកវិទ្យា
- កញ្ញា ឡុង លក្ខិណា (ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន ជូនអ្នក) ទទួលបានពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា
ស្ត្រីឆ្នើមបីនាក់ដែលទទួលបានពានរង្វាន់នេះ គឺស្ថិតក្នុងបេក្ខនារី ៣០នាក់ ដែលត្រូវបានវាយតម្លៃទៅលើភាពជោគជ័យរបស់ពួកគាត់ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា បទពិសោធន៍ ជំនាញ និងសេវាកម្មដែលពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម។

ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា អ្នកស្រី តាន់ សូដានី បានថ្លែងប្រាប់ VOA ក្នុងសប្ដាហ៍នេះថា ការវាយតម្លៃគឺផ្នែកលើឥទ្ធិពលនៃការងាររបស់ពួកគាត់ ការតាំងចិត្តរបស់ពួកគាត់កន្លងទៅ និងការតាំងចិត្តបន្តទៅថ្ងៃអនាគត។
ឆ្នាំ២០១៨ នេះជាលើកដំបូងហើយនៅកម្ពុជា ដែលមានការរៀបចំប្រកួតពានរង្វាន់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់ស្ត្រី ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់ស្ត្រីសហគ្រិនក្នុងផ្នែកបច្ចេកវិទ្យាផងដែរ។
សូមចែករំលែកអត្ថបទនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងផង។ សូមអរគុណ!

កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕