វិទ្យាស្ថាន NIPTICT ប្រកាសផ្ដល់អាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិដល់សិស្សនារីដែលប្រឡងចូលរៀនជំនាញបច្ចេកវិទ្យាឌីជីថល (Digital) សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨ នៅវិទ្យាស្ថាននេះ។
សេចក្ដីប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology, NIPTICT) ឲ្យដឹងថា សិស្សនារីដែលប្រឡងចូលរៀនជំនាញបច្ចេកវិទ្យានៅឆ្នាំសិក្សាថ្មីនេះ នឹងទទួលបានអាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុះឈ្មោះប្រឡងចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
ការផ្ដល់អាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិជូនសិស្សនារីនេះ គឺជាការជំរុញឲ្យមានការកើនឡើងចំនួនស្ត្រីនៅក្នុងវិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា។
ចំនួនស្ត្រីក្នុងវិស័យ STEM នៅមានតិចតួច ហើយស្ត្រីដែលធ្វើការជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ គឺមានតែ ២៨% ប៉ុណ្ណោះទូទាំងពិភពលោក បើទោះបីជាតម្រូវការអ្នកជំនាញផ្នែកនេះបានកើនឡើងក៏ដោយ។ នេះបើតាមរបាយការណ៍ការអប់រំសង្ខេបរបស់អង្គការយូណេស្កូ (UNESCO) នៅអាស៊ីប៉ាស៊ីហ្វិក ស្តីអំពីគម្លាតយេនឌ័រក្នុងវិស័យ STEM។
យ៉ាងណាមិញ វិទ្យាស្ថានក៏ប្រកាសពីការប្រឡងប្រជែងយកអាហារូបករណ៍ ៦០កន្លែងផ្សេងទៀតដែរសម្រាប់សិស្សទូទៅដែលមានបំណងចង់រៀនជំនាញបច្ចេកវិទ្យាឌីជីថលជំនាន់ទី៥ ក្នុងឆ្នាំសិក្សា២០១៨ នេះនៅវិទ្យាស្ថាន NIPTICT។
មុខវិជ្ជាដែលត្រូវប្រឡងមានបីមុខវិជ្ជា រួមមាន៖
- គណិតវិទ្យា
- តក្កវិទ្យា
- និងភាសាអង់គ្លេស
សម្រាប់ការប្រឡងនេះ គឺធ្វើឡើងតាមរយៈកុំព្យូទ័រ ហើយលទ្ធផលនឹងដឹងភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រឡង។ ចំពោះទីកន្លែងប្រឡង គឺនៅវិទ្យាស្ថានជាតិ NIPTICT (ជាប់ទីស្ដីការគណៈរដ្ឋមន្ត្រី)។
អានអត្ថបទផ្សេងទៀត៖
- អាហារូបករណ៍ ១៩០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
- ស្ត្រីខ្មែរ ៣នាក់ ឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា
- ក្រុមកុមារីទទួលបានជយលាភីនៃ Technovation កម្ពុជា ឆ្នាំ២០១៨
វិទ្យាស្ថានជាតិ NIPTICT មានមហាវិទ្យាល័យចំនួនបីដែលសិស្សានុសិស្សអាចជ្រើសរើសចូលរៀនបានរួមមាន៖
- មហាវិទ្យាល័យទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking)
- មហាវិទ្យាល័យពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
- និងមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
តំណភ្ជាប់ចុះឈ្មោះប្រឡង៖ www.niptict.edu.kh/apply
ព័ត៌មានបន្ថែម សូមទាក់ទង៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕