Facebook គិត​ពន្ធ ១០% បន្ថែម​លើ​ចំណាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

2386
Facebook គិត​ពន្ធ ១០% បន្ថែម​លើ​ចំណាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ នេះ​តទៅ ក្រុមហ៊ុន Meta នឹង​ចាប់ផ្ដើម​អនុវត្ត​ការ​គិត​ពន្ធ​លើ​រាល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ១០% លើ​តម្លៃ​ដែល​អ្នក​ប្រើប្រាស់​ទិញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ហ្វេសប៊ុក (Facebook) ដោយ​ប្រើប្រាស់​កាត​ធនាគារ​ចេញពី​ប្រទេស​កម្ពុជា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន Meta ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នេះ​ថា រាល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​សេវាកម្ម Meta ដូចជា​ហ្វេសប៊ុក ជាដើម នឹង​ត្រូវ​គិត​ពន្ធ VAT ១០% បន្ថែម​លើ​ចំណាយ​សរុប​របស់​អ្នក​ប្រើប្រាស់​ដែល​ប្រើ​កាត​ធនាគារ​ចេញពី​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១ មេសា នេះ។

VAT ឬ​ហៅថា អាករ​លើ​តម្លៃ​បន្ថែម គឺជា​អ្វី? VAT ឬ​អាករ​លើ​តម្លៃ​បន្ថែម គឺជា​ប្រភេទ​ពន្ធ​មួយ​ដែល​ត្រូវ​គេ​គិត​បន្ថែម​លើ​តម្លៃ​ដើម​នៃ​ផលិតផល ឬ​សេវាកម្ម​ជាប់​អាករ។ និយាយ​ឱ្យ​ខ្លី គឺជា​ពន្ធ​លើ​ការ​ចំណាយ​ចុងក្រោយ​របស់​អ្នក​ប្រើប្រាស់។

ឧទាហរណ៍​ថា​អ្នក​ទិញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Boost) លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចំនួន ១០០$ នោះ​ក្រុមហ៊ុន Meta នឹង​គិត​ពន្ធ VAT ១០% លើ​ចំណាយ​របស់​អ្នក គឺ​ស្មើ ១០$។ ដូច្នេះ អ្នក​ត្រូវ​បង់​ថ្លៃ​ផ្សព្វផ្សាយ​ឱ្យ​ហ្វេសប៊ុក​សរុប​ចំនួន ១១០$។

Meta បញ្ជាក់​ថា ការ​គិត​ពន្ធ VAT នេះ គឺ​អនុវត្ត​ទាំង​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម និង​បុគ្គល ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នោះ​អាច​បំពេញ​លេខ​អត្តសញ្ញាណ​សារពើពន្ធ (VAT TIN) នៅ​ប្រអប់ Tax ID Number ក្នុង​ផ្នែក “Open Payment Settings” ហើយ​វា​នឹង​បង្ហាញ​នៅ​លើ​វិក្កយបត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក។

អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្លាប់​លើកឡើង​នា​ពេល​កន្លងទៅ​ថា កម្ពុជា​នឹង​អនុវត្ត​ការ​យក​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Commerce ពី​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ តទៅ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។