ទិន្នន័យផ្ទាល់ខ្លួនប្រមាណជាង ១លានគណនីរបស់អ្នកប្រើប្រាស់វេបសាយពាណិជ្ជកម្មអនឡាញ (e-commerce platform) ដ៏ធំនៅប្រទេសសិង្ហបុរី ឈ្មោះ RedMart ត្រូវបានគេលួចយកទៅដាក់លក់នៅលើអ៊ីនធឺណិតកាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅថ្ងៃសុក្រ ទី៣០ ខែតុលា។
RedMart គឺជាវេបសាយលក់ទំនិញអនឡាញដ៏ល្បីនៅប្រទេសសិង្ហបុរី និងជាផ្នែកមួយរបស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ Lazada ដែលលក់ទំនិញទៅកាន់តំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងក្នុងប្រទេសសិង្ហបុរីផ្ទាល់។
សារព័ត៌មាន Channel News Asia រាយការណ៍ថាបានចូលមើលវេទិកាអនឡាញដែលដាក់លក់សុទ្ធតែទិន្នន័យផ្ទាល់ខ្លួនមកពីវេបសាយពាណិជ្ជកម្មជាច្រើនជុំវិញពិភពលោក ដែលក្នុងនោះក៏មានវេបសាយឈ្មោះ Lazada ផងដែរ។ សារព័ត៌មាននេះបញ្ជាក់ថា វេបសាយលក់ទិន្នន័យផ្ទាល់ខ្លួននេះអះអាងថាមានព័ត៌មានអ្នកប្រើប្រាស់ដូចជា ឈ្មោះ លេខទូរស័ព្ទ និងលេខកាតក្រេឌីតផ្នែកខ្លះ (credit card) ប្រមាណ ១,១លានគណនីជារបស់អ្នកប្រើប្រាស់វេបសាយ RedMart។
អ្នកនាំពាក្យក្រុមហ៊ុន Lazada និយាយក្នុងសេចក្ដីថ្លែងការណ៍ថា «ក្រុមសន្តិសុខអ៊ីនធឺណិតរបស់យើងបានរកឃើញបុគ្គលមួយរូបបានអះអាងថាមានទិន្នន័យអតិថិជនរបស់ RedMart ដែលបានទាញចេញពីប្រព័ន្ធស៊េរីចាស់ដែលក្រុមហ៊ុនលែងប្រើប្រាស់ទៀតហើយ»។
ក្រុមហ៊ុនបន្ថែមថា ព័ត៌មានដែលត្រូវបានគេលួចយក គឺបានធ្វើបច្ចុប្បន្នភាពនៅខែមីនា ឆ្នាំ២០១៩ ហើយប៉ះពាល់តែ RedMart ប៉ុណ្ណោះ និងមិនមានជាប់ពាក់ព័ន្ធនឹងទិន្នន័យរបស់ Lazada ឡើយ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា «ទិន្នន័យដែលត្រូវបានគេលួចនេះមានអាយុច្រើនជាង ១៨ខែមកហើយ គឺជាទិន្នន័យស៊េរីចាស់របស់ RedMart និងមិនជាប់ពាក់ព័ន្ធជាមួយទិន្នន័យណាមួយរបស់ Lazada ឡើយ។ ព័ត៌មានអតិថិជនដែលត្រូវបានលួចយកដោយខុសច្បាប់នោះរួមមាន ឈ្មោះ លេខទូរស័ព្ទ អ៊ីមែល អាសយដ្ឋាន លេខសម្ងាត់ដែលត្រូវបានធ្វើកូដនីយកម្ម (encrypted) និងផ្នែកខ្លះនៃលេខ credit card។ យើងបានចាត់វិធានការភ្លាមៗដើម្បីរាំងខ្ទប់នូវការចូលប្រើប្រាស់ទិន្នន័យហើយដែរ»។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះកំពុងតែស៊ើបអង្កេតនូវការបែកធ្លាយទិន្នន័យ និងបានជូនដំណឹងទៅកាន់គណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួនរួចហើយដែរ (Personal Data Protection Commission)។
ក្រុមហ៊ុនបញ្ជាក់ថាការការពារទិន្នន័យ និងឯកជនភាពរបស់អតិថិជនរបស់ខ្លួន គឺជាអាទិភាពទីមួយ ហើយយើងកំពុងធ្វើការដោះស្រាយបញ្ហានេះ។
លើសពីនេះ ក្រុមហ៊ុនបានផ្ញើអ៊ីមែលទៅកាន់អតិថិជនរបស់ខ្លួនដោយបញ្ជាក់ថាទិន្នន័យអ្នកប្រើប្រាស់បច្ចុប្បន្នមិនមានផលប៉ះពាល់ទេ ហើយពាក្យសម្ងាត់គណនីនៅក្នុង Lazada គឺត្រូវបានកូដនីយកម្ម។ ក្រុមហ៊ុនក៏បានស្នើសុំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មីនៅពេលចូលប្រើប្រាស់សាជាថ្មី ដោយក្រុមហ៊ុនបាន Log out រាល់គណនីបច្ចុប្បន្នទាំងអស់ និងសូមឱ្យអតិថិជនមានការប្រុងប្រយ័ត្នចំពោះអ៊ីមែលបន្លំស្នើសុំព័ត៌មានផ្ទាល់ខ្លួន ដោយហេតុថាក្រុមហ៊ុនមិនបានស្នើសុំអតិថិជនឱ្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួននោះទេ៕