ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះមហាក្សត្រ នរោត្ដម សីហមុនី។
ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តនៅរយៈពេល ៦ខែបន្ទាប់ពីការផ្សព្វផ្សាយ ពោលគឺប្រហែលជានៅពាក់កណ្ដាលឆ្នាំ២០២០។
ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមាន ១២ជំពូក និង ៦៧មាត្រា នេះ ត្រូវបានរំពឹងថានឹងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ បង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តិក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងផ្ដល់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក។
វិសាលភាពនៃច្បាប់នេះ នឹងត្រូវអនុវត្តលើសកម្មភាព ឯកសារ និងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីទាំងអស់ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែសកម្មភាព ឯកសារ និងប្រតិបត្តិការមួយចំនួនដែលមានចែងក្នុងច្បាប់នេះ និងកំណត់ដោយអនុក្រឹត្យ។
ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងនៅរយៈពេលប្រមាណ ១០ថ្ងៃបន្ទាប់ គឺកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីវេបសាយ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។