ទិន្នន័យផ្ទាល់ខ្លួនប្រមាណជិត ៣លានគណនីរបស់អ្នកប្រើប្រាស់កម្មវិធី eatigo ត្រូវបានគេលួចយកដាក់លក់នៅលើអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី៣១ ខែតុលា។
កម្មវិធី eatigo ជាកម្មវិធីបម្រើសេវាកម្មកក់តុសម្រាប់ភោជនីយដ្ឋាន។ គណនីប្រមាណ ២,៨លានគណនីរបស់កម្មវិធីនេះត្រូវបានគេប៉ាន់ស្មានថាបែកធ្លាយ។
ក្រុមហ៊ុន eatigo ផ្ញើអ៊ីមែលទៅកាន់អតិថិជនរបស់ខ្លួននៅថ្ងៃសៅរ៍ ទី៣១ តុលា ថា «ការស៊ើបអង្កេតរបស់យើងបង្ហាញថាព័ត៌មានដែលត្រូវបានលួចដោយខុសច្បាប់ គឺជាទិន្នន័យចាស់មានអាយុកាលច្រើនជាង ១៨ខែកន្លងទៅហើយ ហើយទិន្នន័យទាំងនោះរួមមាន ឈ្មោះ អ៊ីមែល និងលេខទូរស័ព្ទរបស់អតិថិជន»។ ក្រុមហ៊ុនបន្តថា «ពាក្យសម្ងាត់របស់គណនីអតិថិជន eatigo បច្ចុប្បន្នត្រូវបានការពារដោយធ្វើកូដនីយកម្ម (encrypted) ដូច្នេះវាមានសុវត្ថិភាព។ យើងមិនរក្សាទុកនូវព័ត៌មានក្រេឌីតកាត (credit card) នោះទេ»។
សារព័ត៌មាន Channel News Asia រាយការណ៍ថា តាមរយៈប្រកាស (post) មួយនៅលើវេទិកាអនឡាញដែលលក់សុទ្ធតែទិន្នន័យផ្ទាល់ខ្លួនមកពីវេបសាយពាណិជ្ជកម្មជាច្រើនជុំវិញពិភពលោក គេឃើញថាគណនី ២,៨លានគណនីចេញពីកម្មវិធី eatigo ក្នុងប្រទេសសិង្ហបុរី ហុងកុង និងប្រទេសថៃ ត្រូវបានដាក់លក់។ ជាមួយគ្នានេះ ទិន្នន័យផ្ទាល់ខ្លួន ១,១លានគណនីរបស់វេបសាយពាណិជ្ជកម្មអនឡាញ RedMart របស់ប្រទេសសិង្ហបុរី ក៏ត្រូវបានគេដាក់លក់ផងដែរ។
ក្រុមហ៊ុន eatigo បញ្ជាក់ថាពាក្យសម្ងាត់របស់អ្នកប្រើប្រាស់គឺត្រូវបានធ្វើកូដនីយកម្ម (encrypted) និងមានសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុនជំរុញឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មីដើម្បីបង្ការហានិភ័យ។
នៅក្នុងអ៊ីមែលដែលក្រុមហ៊ុនផ្ញើទៅកាន់អ្នកប្រើប្រាស់ ក្រុមហ៊ុនបានសុំទោសអ្នកប្រើប្រាស់ និងបញ្ជាក់ថា ក្រុមហ៊ុនបានបង្កើតក្រុមការងារឱ្យអតិថិជនអាចទាក់ទងដើម្បីដោះស្រាយចំពោះបញ្ហានេះផងដែរ។
ក្រុមការងារ ថិចខ្មែរ លើកទឹកចិត្តប្រជាជនកម្ពុជា ព្យាយាមប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗគ្នាសម្រាប់គណនីនៅលើអនឡាញនីមួយៗ។ មានន័យថា គណនីមួយ ត្រូវប្រើពាក្យសម្ងាត់មួយ ហើយគណនីផ្សេងទៀត ត្រូវប្រើពាក្យសម្ងាត់ផ្សេង។ ធ្វើដូច្នេះ អ្នកនឹងកាត់បន្ថយហានិភ័យបានច្រើន ប្រសិនបើគណនីមួយរបស់អ្នកដែលបានចុះឈ្មោះប្រើប្រាស់នៅលើវេបសាយណាមួយត្រូវបានគេលួច នោះគណនីផ្សេងទៀតរបស់អ្នកនៅតែមានសុវត្ថិភាពដដែល៕