ទីបំផុត! រក​ឃើញ​ជយលាភី​នៃ Technovation កម្ពុជា ២០១៨ ហើយ

កុមារី ៣​ក្រុម​ក្នុង​ចំណោម​កុមារី ១៤​ក្រុម​ដែល​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation កម្ពុជា ២០១៨ ទទួល​បាន​ជយលាភី និង​មួយ​ក្រុម​ទៀត​ទទួល​បាន​ជយលាភី​ប្រជាប្រិយ។

2673
ក្រុម​កុមារី​ជយលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ២០១៨ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo courtesy
ក្រុម​កុមារី​ជយលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ២០១៨ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo courtesy

ទីបំផុត កម្មវិធី​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ឆ្នាំ​២០១៨ បាន​រក​ឃើញ​កុមារី​បី​ក្រុម​ដែល​ឈ្នះ​ជា​ជយលាភី បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្វើ​បទ​បង្ហាញ និង​ដាក់​ពិន្ទុ​ដោយ​គណៈកម្មការ​ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កុមារី ១៤​ក្រុម​ដែល​មាន​អាយុ​ចាប់​ពី ១០​ឆ្នាំ​ដល់ ១៨​ឆ្នាំ និង​មក​ពី​វិទ្យាល័យ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ដោយ​ធ្វើ​បទ​បង្ហាញ​អំពី​ផែនការ​អាជីវកម្ម និង​កម្មវិធី​ទូរស័ព្ទ ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ឆ្នាំ​២០១៨ (National Pitch) កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​មុន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ក្រោយ​ពី​ទទួល​បាន​ការ​ហ្វឹកហាត់​ជាច្រើន​សប្ដាហ៍​ដោយ​អ្នក​ជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម។

ក្នុង​ចំណោម​កុមារី​ទាំង ១៤​ក្រុម គឺ​មាន ៣​ក្រុម​ជាប់​ជា​ជយលាភី​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation កម្ពុជា ឆ្នាំ​២០១៨។ ក្រុម​ជយលាភី​ទាំងនេះ​រួម​មាន៖

  • ជយលាភី​លេខ​១ កម្រិត​ថ្នាក់​អនុវិទ្យាល័យ (1st Place National Grand Prize Winner from Junior Division) បាន​ទៅ​លើ​ក្រុម​កុមារី Five Infinities ទទួល​បាន​ទឹកប្រាក់​ចំនួន ១,២០០,០០០​រៀល។ ក្រុម​នេះ​មាន​សមាជិក ៥​នាក់ និង​មក​ពី​សាលា Liger Leadership Academy។ ក្រុម Five Infinities បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ MEP Center ដែល​អាច​ឲ្យ​អ្នក​ផ្ដល់​សេវាកម្ម និង​អតិថិជន​ដែល​ស្ថិត​ក្នុង​វិស័យ​មេកានិច អគ្គិសនី និង​ប្រព័ន្ធ​ទឹក អាច​ស្វែងរក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទិញ​សេវាកម្ម។
ក្រុម​កុមារី Five Infinities ទទួល​បាន​ជយលាភី​លេខ​១ កម្រិត​ថ្នាក់​អនុវិទ្យាល័យ (1st Place National Grand Prize Winner from Junior Division)។ Photo courtesy
ក្រុម​កុមារី Five Infinities ទទួល​បាន​ជយលាភី​លេខ​១ កម្រិត​ថ្នាក់​អនុវិទ្យាល័យ (1st Place National Grand Prize Winner from Junior Division)។ Photo courtesy
  • ជយលាភី​លេខ​១ កម្រិត​ថ្នាក់​វិទ្យាល័យ (1st Place National Grand Prize Winner from Senior Division) បាន​ទៅ​លើ​ក្រុម Tech Girls Cambodia ទទួល​បាន​ទឹកប្រាក់​ចំនួន ២,០០០,០០០​រៀល។ ក្រុម​នេះ​មាន​សមាជិក ៥​នាក់ និង​កំពុង​រៀន​ថ្នាក់​ទី​៧ និង​ថ្នាក់​ទី​១២ មក​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ក្រុម Tech Girls Cambodia បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ E-Lab ដែល​ជា​កម្មវិធី​សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ ដែល​ចូល​ចិត្ត​ពិសោធន៍​វិទ្យាសាស្ត្រ​ដោយ​ខ្លួន​ឯង និង​ចង់​ទទួល​បាន​បទពិសោធន៍​ថ្មីៗ។
ក្រុម Tech Girls Cambodia ទទួល​បាន​ជយលាភី​លេខ​១ កម្រិត​ថ្នាក់​វិទ្យាល័យ (1st Place National Grand Prize Winner from Senior Division)។ Photo courtesy
ក្រុម Tech Girls Cambodia ទទួល​បាន​ជយលាភី​លេខ​១ កម្រិត​ថ្នាក់​វិទ្យាល័យ (1st Place National Grand Prize Winner from Senior Division)។ Photo courtesy
  • ជយលាភី​លេខ​២ (2nd Place National Grand Prize Winner) បាន​ទៅ​លើ​ក្រុម ABC (Always Be Close) ទទួល​បាន​ទឹកប្រាក់​ចំនួន ១,០០០,០០០​រៀល។ ក្រុម​នេះ​មាន​សមាជិក ៣​នាក់ និង​មក​ពី​សាលា Smart Kids International School ខេត្ត​សៀមរាប។ ក្រុម ABC បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ My Cam Guide ដែល​អាច​ជួយ​ភ្ញៀវ​ទេសចរ​ស្វែងរក​មគ្គុទ្ទេសក៍​ទេសចរណ៍​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា។
ក្រុម ABC (Always Be Close) ទទួល​បាន​ជយលាភី​លេខ​២ (2nd Place National Grand Prize Winner)។ Photo courtesy
ក្រុម ABC (Always Be Close) ទទួល​បាន​ជយលាភី​លេខ​២ (2nd Place National Grand Prize Winner)។ Photo courtesy

ក្រៅ​ពី​ជយលាភី​ទាំង​បី​ខាង​លើ កម្មវិធី​ក៏​រក​ឃើញ​ជយលាភី​ប្រជាប្រិយភាព (People’s Choice Award National Grand Prize Winner) មួយ​ទៀត​ដែរ​ដែល​វីដេអូ​របស់​ពួក​គេ​ទទួល​បាន Like និង Reaction ច្រើន​ជាង​គេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Technovation Cambodia គឺ​ក្រុម Estrogen និង​ទទួល​បាន​ទឹកប្រាក់​ចំនួន ៦០០,០០០​រៀល។ ក្រុម​នេះ​មាន​សមាជិក ៣​នាក់ និង​មក​ពី​សាលា ICS International School។ ក្រុម Estrogen បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ TutorKH ដែល​អាច​ជួយ​សិស្ស​ក្នុង​ការ​ស្វែងរក​គ្រូបង្រៀន​បន្ថែម​ដែល​មាន​គុណភាព និង​អាច​ទុក​ចិត្ត​បាន។ បន្ថែម​លើ​នេះ កម្មវិធី​នេះ​ក៏​បាន​បញ្ចូល​របៀប​ចាត់​ចំណាត់​ថ្នាក់​ការ​បង្រៀន​ដោយ​ផ្អែក​លើ feedback ពី​សិស្ស​ផង​ដែរ។

ក្រុម Estrogen ទទួល​បាន​ជយលាភី​ប្រជាប្រិយភាព (People's Choice Award National Grand Prize Winner) ដែល​ទទួល​បាន Like និង Reaction ច្រើន​ជាង​គេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Technovation Cambodia។ Photo courtesy
ក្រុម Estrogen ទទួល​បាន​ជយលាភី​ប្រជាប្រិយភាព (People’s Choice Award National Grand Prize Winner) ដែល​ទទួល​បាន Like និង Reaction ច្រើន​ជាង​គេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Technovation Cambodia។ Photo courtesy

ទំព័រ​ហ្វេសប៊ុក​របស់ Technovation Cambodia បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨ នេះ កម្មវិធី​របស់ Technovation Cambodia បាន​បង្រៀន​កុមារី​ចំនួន​ច្រើន​ជាង ១៨០​នាក់​នៅ​ក្នុង ៤៤​ក្រុម ឲ្យ​ចេះ​អំពី​ជំនាញ​សហគ្រិន និង​បច្ចេកវិទ្យា និង​បាន​ជួយ​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​ទៅ​កាន់ Technovation ពិភពលោក។

Technovation គឺ​ជា​កម្មវិធី​អប់រំ​សហគ្រិនភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា សម្រាប់​ការ​ប្រកួតប្រជែង​អន្តរជាតិ​ដែល​មាន​គោល​បំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ កម្មវិធី​នេះ​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ USAID វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) Development Innovations និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន DMI និង​ក្រុមហ៊ុន Myteb Cambodia ព្រម​ទាំង​ដៃគូ​ប្រចាំ​ខេត្ត​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។