កុមារីមកពីវិទ្យាល័យផ្សេងៗគ្នាចំនួន ១៤ក្រុម នឹងធ្វើបទបង្ហាញអំពីផែនការអាជីវកម្ម និងកម្មវិធីទូរស័ព្ទ ក្នុងគោលបំណងដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ នៅក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation កម្ពុជា ឆ្នាំ២០១៨ (National Pitch) នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
កម្មវិធីប្រកួតប្រជែងនេះ នឹងប្រារព្ធនៅក្នុងសាលអេ (A) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១២:៣០នាទីថ្ងៃត្រង់។ លោកអ្នកអាចចូលរួមទស្សនាដោយផ្ទាល់ និងមិនគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះតាមរយៈតំណភ្ជាប់នៅខាងក្រោមអត្ថបទនេះ។
គណៈកម្មការនៅក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation កម្ពុជា ឆ្នាំ២០១៨ នេះ គឺសុទ្ធតែជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយរបស់ Technovation Cambodia។
បើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ Technovation Cambodia ឲ្យដឹងបន្ថែមទៀតថា នៅឆ្នាំ២០១៨ នេះ កម្មវិធីរបស់ Technovation Cambodia បានបង្រៀនកុមារីចំនួនច្រើនជាង ១៨០នាក់នៅក្នុង ៤៤ក្រុម ឲ្យចេះអំពីជំនាញសហគ្រិន និងបច្ចេកវិទ្យា និងបានជួយឲ្យពួកគេដាក់ពាក្យទៅកាន់ Technovation ពិភពលោក។
លោកអ្នកក៏អាចទស្សនាវីដេអូបង្ហាញអំពីផែនការអាជីវកម្ម និងកម្មវិធីទូរស័ព្ទរបស់ក្រុមកុមារីទាំង ១៤ក្រុមបានផងដែរ ដោយគ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុក (Facebook) របស់ Technovation Cambodia បន្ទាប់មកចុចលើពាក្យ Videos សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ឬចុចលើពាក្យ Videos នៅក្នុងជួរខាងក្រោមពាក្យ CALL NOW សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ រួចស្វែងរកវីដេអូរបស់ក្រុមកុមារីនីមួយៗ។
កម្មវិធីរបស់ Technovation Cambodia គឺគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការ USAID វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) Development Innovations និងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន DMI និងក្រុមហ៊ុន Myteb Cambodia ព្រមទាំងដៃគូប្រចាំខេត្តផងដែរ។
Technovation គឺជាកម្មវិធីអប់រំសហគ្រិនភាពក្នុងវិស័យបច្ចេកវិទ្យា សម្រាប់ការប្រកួតប្រជែងអន្តរជាតិដែលមានគោលបំណងបង្កើនចំនួនស្ត្រីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពឲ្យកាន់តែច្រើនបន្ថែមទៀត។
តំណភ្ជាប់ចុះឈ្មោះចូលរួមទស្សនា៖ https://nationalpitch2018.eventbrite.com
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕