យុវជនប្រទេសដាណឺម៉ាក (Denmark) ជាង ១.០០០នាក់ ប្រឈមនឹងការចោទប្រកាន់ពីបទចែករំលែក និងចែកចាយបន្តនូវវីដេអូរួមភេទរបស់ក្មេងអាយុ ១៥ឆ្នាំទៅលើអនឡាញ (online)។
សេចក្ដីថ្លែងការណ៍របស់ប៉ូលិសប្រទេសដាណឺម៉ាក ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៥ ខែមករា ឲ្យដឹងថា ប៉ូលិសប្រទេសដាណឺម៉ាក បានស៊ើបអង្កេតករណីចែករំលែកវីដេអូអាសអាភាសនេះ បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានផ្ដល់ដំណឹងទៅកាន់ប៉ូលិសដាណឺម៉ាក អំពីវីដេអូរួមភេទចំនួនពីរ ត្រូវបានក្រុមយុវជនប្រទេសដាណឺម៉ាក ចែកចាយបន្តនៅក្នុង Messenger app របស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook)។ យុវជនដាណឺម៉ាក ពីរនាក់ដំបូងដែលចែករំលែកវីដេអូរួមភេទនេះ ត្រូវបានកត់ត្រាតាំងពីខែមីនា ឆ្នាំ២០១៥ មកម៉្លេះ។
វីដេអូរួមភេទទីមួយដែលប្រព្រឹត្តដោយក្មេងអាយុ ១៥ឆ្នាំនេះ គឺមានរយៈពេល ៥០វិនាទី និងវីដេអូទីពីរមានរយៈពេល ៩វិនាទី។ វីដេអូទាំងពីរនេះ ត្រូវបានក្រុមយុវជនដាណឺម៉ាក សរុបចំនួន ១.០០៤នាក់ ចែករំលែកជាបន្តបន្ទាប់នៅក្នុងកម្មវិធី Messenger របស់ Facebook។
អធិការប៉ូលិសនៃ North Sealand របស់ប្រទេសដាណឺម៉ាក លោក Lau Thygesen ឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះថា៖ «វាគឺជាបញ្ហាធំ ហើយស្មុគស្មាញ ដែលត្រូវការពេលវេលាយូរដើម្បីស៊ើបអង្កេត ពីព្រោះយុវជនជាច្រើនដែលនឹងត្រូវចោទប្រកាន់»។ លោកបន្តទៀតថា៖ «យើងយកចិត្តទុកដាក់ករណីនេះខ្លាំងបំផុត ពីព្រោះវាមានផលប៉ះពាល់ធំធេងដល់អ្នកដែលពាក់ព័ន្ធ នៅពេលវីដេអូប្រភេទនេះត្រូវបានចែកចាយ»។
ប៉ូលិសប្រទេសដាណឺម៉ាក បានឲ្យដឹងទៀតថា ភាគច្រើននៃយុវជនដែលរងការចោទប្រកាន់ទាំងនោះ បានចែករំលែកវីដេអូអាសអាភាសនេះពីរ ឬបីដង ប៉ុន្តែអ្នកផ្សេងទៀត បានចែកចាយវីដេអូនេះជាច្រើនរយដង។
ប៉ូលិសដាណឺម៉ាក បានឲ្យដឹងថា ប្រសិនបើរកឃើញថាមានកំហុសពិតមែន ជនសង្ស័យទាំងនោះនឹងត្រូវពិន័យ ឬព្យួរទោសរយៈពេល ២០ថ្ងៃ និងត្រូវជាប់ឈ្មោះជាជនល្មើសរហូតដល់ ១០ឆ្នាំ។
ច្បាប់នៃប្រទេសដាណឺម៉ាក អនុញ្ញាតឲ្យយុវជនអាយុ ១៥ឆ្នាំអាចរួមភេទបាន ប៉ុន្តែច្បាប់នៃប្រទេសនេះក៏បានចែងថា ការចែកចាយរូបភាពរួមភេទដែលមានជាប់ពាក់ព័ន្ធនឹងមនុស្សអាយុក្រោម ១៨ឆ្នាំ គឺរំលោភច្បាប់ប្រឆាំងនឹងការចែកចាយរូបភាពអាសអាភាសរបស់កុមារ និងត្រូវជាប់ទោសយ៉ាងហោចណាស់ក៏រយៈពេល ៦ឆ្នាំដែរ។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕