ម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook CEO) លោក Mark Zuckerberg សោកស្ដាយចំពោះរឿងដែលបានកើតឡើង។ នេះបើតាមប្រសាសន៍របស់លោក ដែលបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខឲ្យទូរទស្សន៍ CNN នៅថ្ងៃពុធ ទី២១ មីនា។
រឿងរ៉ាវដែលលោក Mark Zuckerberg លើកឡើងនោះ គឺសំដៅទៅលើទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុក ៥០លាននាក់ ត្រូវបានក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Cambridge Analytica ដែលមានទំនាក់ទំនងជាមួយនឹងការធ្វើយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីឆ្នាំ២០១៦ យកទៅប្រើប្រាស់ដោយមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះទេ។
លើសពីនេះទៀត ទិន្នន័យទាំងអស់នោះ ប្រហែលជាត្រូវបានក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Cambridge Analytica រក្សាទុកបន្តទៀត ទោះបីជាក្រុមហ៊ុនហ្វេសប៊ុកបានប្រាប់ឲ្យក្រុមហ៊ុននោះលុបចោលក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃពុធ។
ការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកនេះ បានដាក់ក្រុមហ៊ុនហ្វេសប៊ុក និងម្ចាស់ក្រុមហ៊ុន លោក Mark Zuckerberg ឲ្យស្ថិតក្រោមការត្រួតពិនិត្យដ៏ម៉ត់ចត់សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ និងឯកជនភាពរបស់អ្នកប្រើប្រាស់។
ទោះយ៉ាងណាក៏ដោយ លោក Zuckerberg បានបង្ហោះសារនៅហ្វេសប៊ុករបស់លោកថា ក្រុមហ៊ុនបានធ្វើឲ្យមានកំហុស និងបានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកផងដែរ ដើម្បីធានាថាទិន្នន័យរបស់អ្នកប្រើប្រាស់នឹងត្រូវបានការពារ។
លោក Mark Zuckerberg បានប្រាប់ទូរទស្សន៍ CNN ទៀតថា នេះប្រហែលជាកំហុសដ៏ធំបំផុតដែលយើងបានធ្វើ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕