
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook រៀបចំព្រឹត្តិការណ៍រយៈពេលបីថ្ងៃដែលមិនធ្លាប់មាននៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះដោយអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី។
កម្មវិធីសាធារណៈដំបូងបង្អស់ដែលមិនធ្លាប់មានរបស់ Meta មានឈ្មោះថា “YOUR PROFILE YOUR HOME” ដែលប្រែជាភាសាខ្មែរថា «ប្រូហ្វាលអ្នក ផ្ទះអ្នក»។ កម្មវិធីនេះប្រព្រឹត្តទៅនៅ Factory Phnom Penh នៅថ្ងៃទី១០ មិថុនា ចាប់ពីម៉ោង ១រសៀលដល់ម៉ោង ៦ល្ងាច និងថ្ងៃទី១១-១២ មិថុនា គឺចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។
បើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក Meta ឱ្យដឹងថា កម្មវិធីនេះមានគោលបំណងផ្ដោតលើអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដោយសហការជាមួយសិល្បករ និងអ្នកបង្កើតមាតិកាក្នុងស្រុក ដើម្បីពិភាក្សាអំពីវិធីការពារភាពឯកជននៅលើអនឡាញ និងមានកម្មវិធីកម្សាន្ត និងហ្គេមផ្សេងៗដើម្បីឈ្នះរង្វាន់ពិសេសៗពី Meta ផងដែរ។
ក្រុមហ៊ុន Meta បានបង្កើតគេហទំព័រ «ប្រូហ្វាលអ្នក ផ្ទះអ្នក» ដែលអនុញ្ញាតឱ្យអ្នកអាចជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design) នៅលើអាសយដ្ឋាននេះ https://yourhome.fb.com/cambodia/ ។
នៅវេបសាយខាងលើ អ្នកអាចជ្រើសរើសឯកជនភាពចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” ដែលមានន័យថាគ្មានការលាក់បាំង។ ក្រៅពីនេះ អ្នកក៏អាចឈ្វេងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ដើម្បីធ្វើឱ្យប្រូហ្វាលអ្នកមានលក្ខណៈឯកជនតាមដែលអ្នកចង់បានផងដែរ។
នៅពេលដែលអ្នកជ្រើសរើសជម្រើសរបស់អ្នករួចហើយ នោះបញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយនឹងបង្ហាញឱ្យឃើញពីអ្វីដែលអ្នកត្រូវការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិតភ្លាមៗ៕