ក្រុមហ៊ុន Microsoft ចេញផ្សាយចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៨ ក្នុងចំណោមចំណុចខ្សោយចំនួន ១២៣ នៅលើផលិតផលរបស់ខ្លួនក្នុងខែកក្កដា ឆ្នាំ២០២០។
ក្រុមហេគឃឺ (Hackers) អាចប្រើប្រាស់ចំណុចខ្សោយធ្ងន់ធ្ងរបំផុតទាំងនោះដើម្បីអាចដំណើរការកូដពីចម្ងាយ (remote code) ក្នុងការវាយប្រហារដោយជោគជ័យទៅលើម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការវីនដូ (Windows OS)។
ម៉ាស៊ីនកុំព្យូទ័រដែលរងគ្រោះដោយការវាយប្រហារនេះ នឹងត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហេគឃឺ ហើយពួកគេអាចធ្វើសកម្មភាពមួយចំនួនដូចជាដំឡើងកម្មវិធីឬបញ្ចូលមេរោគ បង្កើតគណនីថ្មីៗដែលមានសិទ្ធិជា Admin និងបើកទិន្នន័យ ផ្លាស់ប្ដូរទិន្នន័យ ឬក៏លុបទិន្នន័យជាដើម។
ផលិតផលរបស់ក្រុមហ៊ុន Microsoft ដែលរងផលប៉ះពាល់រួមមាន៖
- Microsoft Windows
- Microsoft Edge (EdgeHTML-based)
- Microsoft Edge (Chromium-based) in IE Mode
- Microsoft ChakraCore
- Internet Explorer
- Microsoft Office and Microsoft Office Services and Web Apps
- Windows Defender
- Skype for Business
- Visual Studio
- Microsoft OneDrive
- Open Source Software
- .NET Framework
- Azure DevOps
ហេតុដូចនេះ ក្រុមការងារ Tech Khmer សូមណែនាំដល់ប្រិយមិត្តធ្វើបច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធប្រតិបត្តិការវីនដូរបស់អ្នក (Update Windows) ដើម្បីការពារម៉ាស៊ីនកុំព្យូទ័ររបស់អ្នកពីការវាយប្រហារនានា។ សូមអនុវត្តដូចខាងក្រោមដើម្បីអាប់ដេត៖
- ចូលទៅកាន់ Windows Settings
- ចុចលើ Update & Security
- ចុចប៊ូតុង Check for Updates ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក និងរង់ចាំវាដំណើរការចប់ រួច Restart ម៉ាស៊ីនជាការស្រេច។
ក្រុមហ៊ុន Microsoft បញ្ជាក់ប្រាប់អតិថិជនរបស់ខ្លួនដែលកំពុងប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ចាំបាច់ត្រូវទិញនូវកញ្ចប់សម្រាប់អាប់ដេតសន្តិសុខ (Extended Security Update) ដើម្បីអាចបន្តទទួលបាននូវការបន្ទាន់សម័យសន្តិសុខលើប្រព័ន្ធ (Security Update)។
អ្នកអាចអានព័ត៌មានលម្អិតទាក់ទងនឹងចំណុចខ្សោយប្រចាំខែកក្កដា (July 2020 Security Updates) ក្នុងផលិតផលរបស់ក្រុមហ៊ុន Microsoft ៕