ក្រុមហ៊ុន Microsoft ចេញផ្សាយនូវចំណុចខ្សោយចំនួន ១១៥ ដែលក្នុងនោះមានចំណុចខ្សោយចំនួន ១៩ ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុតដែលប៉ះពាល់ដល់ផលិតផលរបស់ខ្លួន។
ចំណុចខ្សោយធ្ងន់ធ្ងរបំផុតទាំង ១៩ចំណុចក្នុងចំណោមចំណុចខ្សោយដែលក្រុមហ៊ុន Microsoft ផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ គឺអាចអនុញ្ញាតឱ្យមានការវាយប្រហារពីចម្ងាយដោយហេគឃឺ (remote code)។ ក្រុមហេគឃឺ (hackers) នឹងអាចគ្រប់គ្រងម៉ាស៊ីនរបស់អ្នកទាំងស្រុង ដោយពួកគេអាចដំឡើងកម្មវិធីផ្សេងៗ បង្កើតគណនី Admin បើកមើល កែប្រែ និងលុបទិន្នន័យនៅក្នុងម៉ាស៊ីនរងគ្រោះ តាមរយៈការវាយប្រហារលើចំណុចខ្សោយទាំងនេះ។
ក្រុមការងារ Tech Khmer សូមណែនាំដល់ប្រិយមិត្តប្រញាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការវីនដូរបស់អ្នកជាបន្ទាន់ (Update Windows) ដើម្បីការពារម៉ាស៊ីនរបស់អ្នកពីការវាយប្រហារ។ ដើម្បីធ្វើបច្ចុប្បន្នភាពវីនដូ សូមអនុវត្តដូចខាងក្រោម៖
- ចូលទៅកាន់ Windows Settings
- ចុចលើ Update & Security
- ចុចប៊ូតុង Check for Updates ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក និងរង់ចាំវាដំណើរការចប់ រួច Restart ម៉ាស៊ីនជាការស្រេច
ផលិតផលរបស់ក្រុមហ៊ុន Microsoft ដែលរងផលប៉ះពាល់ពីចំណុចខ្សោយទាំងនេះរួមមាន៖
- Microsoft Windows
- Microsoft Edge (EdgeHTML-based)
- Microsoft Edge (Chromium-based)
- ChakraCore
- Internet Explorer
- Microsoft Office and Microsoft Office Services and Web Apps
- Windows Defender
- Visual Studio
- Microsoft Dynamics
- Microsoft Apps for Android
- Microsoft Apps for Mac
ទោះជាយ៉ាងណា ក្រុមហ៊ុនបញ្ជាក់ប្រាប់អតិថិជនរបស់ខ្លួនដែលកំពុងប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ឱ្យទិញនូវកញ្ចប់សម្រាប់អាប់ដេតសន្តិសុខ (Extended Security Update) ដើម្បីអាចបន្តទទួលបាននូវការបន្ទាន់សម័យសន្តិសុខលើប្រព័ន្ធ (security update)។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះ សូមចុច តំណភ្ជាប់នេះ ដើម្បីអានបន្ថែម៕