នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ប្រកាសនៅពេលថ្មីៗនេះអំពីគម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយនៅប្រទេសវៀតណាម ក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើដៃគូទីបីដូចជា Amazon និង Microsoft។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមណេត (Vietnam Net)។
ការប្រកាសអំពីគម្រោងនេះ ធ្វើឡើងនៅពេលដែលលោក Tim Cook ជួបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ដែលមានវត្តមាននៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
សារព័ត៌មានវៀតណាមណេត (Vietnam Net) ចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc សម្ដែងនូវសេចក្ដីអបអរដល់ក្រុមហ៊ុន Apple លើការវិនិយោគប្រកបដោយជោគជ័យ និងប្រតិបត្តិការអាជីវកម្មនៅប្រទេសវៀតណាម។ លោកក៏បានសម្ដែងការគាំទ្រចំពោះផែនការបង្កើតមជ្ឈមណ្ឌលទិន្នន័យនេះផងដែរ។
សារព័ត៌មានដដែលចុះផ្សាយទៀតថា កាលពីបីឆ្នាំមុន សារព័ត៌មានក្នុងស្រុក និងអន្តរជាតិបានរាយការណ៍អំពីគម្រោង ១ពាន់លានដុល្លារក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Apple នៅប្រទេសវៀតណាម។ កាលនោះ Apple មានជម្រើសពីរ ថាត្រូវបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅទីក្រុងហាណូយ (Ha Noi) ឬក៏នៅទីក្រុងដាណាង (Da Nang) ប៉ុន្តែក្រុមហ៊ុនជ្រើសរើសយកប្រទេសឥណ្ឌា។
អត្ថបទផ្សេងទៀត៖
ផ្កាយរណបវៀតណាម MicroDragon ត្រូវបានបាញ់បង្ហោះដោយជោគជ័យ (វីដេអូ)
គម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនេះជាគម្រោងទីពីររបស់ក្រុមហ៊ុន Apple នៅប្រទេសវៀតណាម បន្ទាប់ពីគម្រោងទីមួយ ក្រុមហ៊ុននេះបានវិនិយោគទឹកប្រាក់ចំនួន ៦៧៣០០០ដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនតំណាងចែកចាយនៅទីក្រុងហូជីមិញ (HCMC) នៃប្រទេសវៀតណាម កាលពីឆ្នាំ២០១៥។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏បានព្យាករផងដែរថា ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅវៀតណាម។ ហេតុដូចនេះ ក្រុមហ៊ុនរំពឹងថានឹងទទួលបានប្រាក់ចំណូលខ្ពស់ពីទីផ្សារសំខាន់ៗមួយចំនួនដូចជា សហរដ្ឋអាមេរិក (USA) កាណា (Cana) ម៉ិចស៊ីកូ (Mexico) អឺរ៉ុប (អាល្លឺម៉ង់ និងអ៊ីតាលី) អាស៊ីប៉ាស៊ីហ្វិក (កូរ៉េ និងវៀតណាម)។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕