ព្រឹត្តិការណ៍បារខែមឆ្នាំនេះមានឈ្មោះថា បារខែមអង្គរ ២០១៨ (BarCamp Angkor 2018) ដែលនឹងត្រូវរៀបចំនៅក្នុងខេត្តសៀមរាប ក្នុងបរិវេណសាកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia)។
ព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។ លោកអ្នកអាចចូលរួមកម្មវិធីបារខែមនេះដោយសេរី និងមិនគិតថ្លៃឡើយចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥ល្ងាច។
តើព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ ជាព្រឹត្តិការណ៍អ្វី?
ព្រឹត្តិការណ៍បារខែម (BarCamp) ឬហៅថាសន្និបាតបច្ចេកវិទ្យា ការចាប់ផ្ដើមអាជីវកម្ម និងពិព័រណ៍ការងារ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលជាព្រឹត្តិការណ៍ជួបជុំរវាងសហគ្រិនវ័យក្មេង អ្នកជំនាញខាងបច្ចេកវិទ្យា សាស្ត្រាចារ្យ និងសិស្សនិស្សិត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការចាប់ផ្ដើមជំនួញ អ៊ីនធឺណិត អាជីពការងារ រចនា និងច្នៃប្រឌិតសម្រាប់ការសិក្សា ឬការងារ ជាដើម។ លើសពីនេះទៀត ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័រណ៍ផលិតផល ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗរបស់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនស្តង់ផងដែរ។
ចង់ក្លាយជាវាគ្មិនក្នុងព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ ឬ?
ចំពោះលោកអ្នកដែលមានបំណងចង់ក្លាយជាវាគ្មិន (Speaker) ក្នុងព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ នេះ លោកអ្នកអាចស្នើសុំដាក់ប្រធានបទដែលលោកអ្នកគិតថាមានប្រយោជន៍សម្រាប់អ្នកចូលរួម ឬក៏ប្រធានបទដែលទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗជាដើម ទៅកាន់គណៈកម្មការរៀបចំព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ តាមរយៈតំណភ្ជាប់នៅខាងក្រោម។
លោកអ្នកត្រូវត្រៀមបទបង្ហាញប្រធានបទរបស់លោកអ្នកក្នុងរយៈពេល ១ម៉ោងសម្រាប់ប្រធានបទមួយ ក្នុងនោះរយៈពេល ៥០នាទីសម្រាប់ធ្វើបទបង្ហាញ និង ១០នាទីចុងក្រោយសម្រាប់អ្នកចូលរួមសួរសំណួរ និងឆ្លើយសំណួរពួកគាត់វិញ។
គណៈកម្មការនឹងជ្រើសរើសប្រធានបទ និងជូនដំណឹងដល់លោកអ្នកវិញ ថាតើប្រធានបទរបស់លោកអ្នក ត្រូវបានគណៈកម្មការជ្រើសរើស និងអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ ដែរឬអត់?
តើប្រធានបទអ្វីខ្លះដែលពេញនិយមក្នុងព្រឹត្តិការណ៍បារខែម?
ប្រធានបទដែលទាក់ទាញអ្នកចូលរួមច្រើនជាងគេ គឺប្រភេទប្រធានបទដែលសហគ្រិនជោគជ័យនិយាយប្រាប់ពីវិធីចាប់ផ្ដើមអាជីវកម្ម ចាប់ផ្ដើមជោគជ័យដំបូងដោយរបៀបម៉េច វិធីពង្រីកអាជីវកម្ម បញ្ហាដែលសហគ្រិនជួបប្រទះ និងដំណោះស្រាយដែលពួកគេប្រើប្រាស់ ជាដើម។ បន្ទាប់មកទៀត ប្រធានបទដែលពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យា គំនិតច្នៃប្រឌិតថ្មីៗ អាជីវកម្ម និងសហគ្រិនភាព និងការអភិវឌ្ឍអាជីពការងារ។ល។ នេះបើតាមការចុះផ្សាយរបស់វែបសាយ BarCamp Cambodia។
ព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ នេះមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia) ព្រមទាំងឧបត្ថម្ភដោយក្រុមហ៊ុនសេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនសេវាអ៊ីនធឺណិត EZECOM និងក្រុមហ៊ុនមួយចំនួនទៀត។
សូមចុចលើតំណភ្ជាប់ខាងក្រោម ដើម្បីបំពេញព័ត៌មានរបស់អ្នក អំពីប្រធានបទដែលលោកអ្នកចង់ដាក់ស្នើសុំចូលរួមធ្វើបទបង្ហាញក្នុងព្រឹត្តិការណ៍បារខែមអង្គរ ២០១៨ និងផ្ដល់តំណភ្ជាប់ទៅកាន់រូបថតរបស់លោកអ្នក ក៏ដូចជាវែបសាយ (Website) ឬក៏ប្លុក (Blog) ផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ។
អានអត្ថបទ៖
តំណភ្ជាប់ចុះឈ្មោះជាវាគ្មិនក្នុងព្រឹត្តិការណ៍បារខែមអង្គរ ២០១៨៖
ព័ត៌មានបន្ថែម សូមទាក់ទងអ្នកសម្របសម្រួលកម្មវិធីបារខែមអង្គរ ២០១៨៖
- លោក ជី សុផាត
- ទូរស័ព្ទលេខ: ០១០ ៣០៧ ៥៧៥
- អ៊ីមែល:
- Website: BarCamp Cambodia
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យដឹងផង។ សូមអរគុណ!
ខាងក្រោមនេះ គឺជាគំរូនៃពាក្យស្នើសុំចុះឈ្មោះជាវាគ្មិនក្នុងកម្មវិធីបារខែមអង្គរ ២០១៨ ៖
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕