សិក្ខាសាលាស្ដីពីការស្វែងយល់អំពីការប្រកួតប្រជែងគំនិតច្នៃប្រឌិតប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម (ICT4Ag) លើកចុងក្រោយ នឹងត្រូវរៀបចំនៅសកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ អ្នកដែលចាប់អារម្មណ៍ អាចចូលរួមសិក្ខាសាលានេះដោយសេរី និងមិនគិតថ្លៃ។
សិក្ខាសាលា ICT4Ag មានគោលបំណងពិភាក្សា ធ្វើបទបង្ហាញអំពីបញ្ហានានាទាក់ទងនឹងវិស័យកសិកម្ម និងបំផុសគំនិតអាជីវកម្មដោយប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម ព្រមទាំងផ្សព្វផ្សាយអំពីការចុះឈ្មោះចូលរួមប្រកួតគំនិតច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃនៃប្រភេទដំណាំណាមួយ ឬប្រធានបទកសិកម្មអ្វីក៏បាន។
ចំពោះអ្នកដែលចាប់អារម្មណ៍ការប្រកួតគំនិតច្នៃប្រឌិតនេះ អ្នកអាចចុះឈ្មោះនៅពេលព្រឹក ដើម្បីបន្តចូលរួមកម្មវិធីនៅពេលរសៀលចាប់ពីម៉ោង ១:៣០នាទី ដល់ម៉ោង ៤:៣០នាទី។ លើសពីនេះទៀត កម្មវិធីនឹងផ្ដល់អាហារថ្ងៃត្រង់សម្រាប់អ្នកចុះឈ្មោះ ៣០នាក់ដំបូងផងដែរ។ នៅក្នុងកម្មវិធីពេលរសៀលនេះ កម្មវិធីនឹងបង្ហាត់បង្ហាញពីឧបករណ៍សម្រាប់អភិវឌ្ឍគំនិត និងបែងចែកអ្នកចូលរួមប្រកួតជាក្រុម។
តើអ្នកចូលរួមត្រូវមានជំនាញខាងព័ត៌មានវិទ្យាដែរឬអត់?
អ្នកចូលរួមមិនចាំបាច់ជាអ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាឡើយ ប៉ុន្តែតម្រូវឲ្យអ្នកមានលទ្ធភាពគិតស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យកសិកម្ម។
កាលបរិច្ឆេទឈប់ទទួលពាក្យសុំចូលរួមប្រកួតគំនិតច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺនៅត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ចំពោះក្រុមដែលឈ្នះចំនួន ៥ក្រុម នឹងទទួលបានការឧបត្ថម្ភជាជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍគំនិតរហូតដល់ ៥០០០ដុល្លារក្នុងមួយក្រុមៗ ទទួលបានគ្រូបង្វឹកដើម្បីបកប្រែគំនិតឲ្យក្លាយជាផលិតផល ឬសេវាកម្មពិតប្រាកដ និងឱកាសការងារជាមួយគណៈកម្មការមេប្រយោគដែលជាក្រុមហ៊ុនដំណើរការស្រាប់ ឬក៏លក់គំនិតផលិតផល ឬសេវាកម្មទៅឲ្យក្រុមហ៊ុនទាំងនោះ។
សិក្ខាសាលាស្វែងយល់នៅថ្ងៃទី២៧ មករា នៅខេត្តព្រៃវែង នេះ គឺជាសិក្ខាសាលាលើកទីបួនហើយ ដែលលើកទីមួយប្រារព្ធនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង លើកទីពីរ ប្រារព្ធនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នាសាលាកសិកម្មកំពង់ចាម ខេត្តកំពង់ចាម និងសិក្ខាសាលាលើកទីបី គឺប្រារព្ធនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។
តើកាវ៉ាក់ជានរណា?
គម្រោងខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់ (CAVAC) គ្រប់គ្រងដោយ Cardno Emerging Market ដែលជាកម្មវិធីអភិវឌ្ឍន៍ទីផ្សារដំបូងគេឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី (Australian Government)។ កាវ៉ាក់ មានគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច ជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករកិន និងដំណាំផ្សេងៗតាមរយៈការពង្រឹងប្រព័ន្ធទីផ្សារ និងវិនិយោគលើហេដ្ឋារចនាសម្ពន្ធប្រឡាយទឹក។
ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ កាវ៉ាក់ តាមរយៈ៖
- តំណភ្ជាប់ទៅកាន់កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត
- អ៊ីមែល ដោយដាក់ចំណងជើងថា ICT4Ag Competition 2017-18
- គេហទំព័រ https://cavackh.org/ict4ag/?lang=kh
- Facebook Page: https://www.facebook.com/ict4ag
សូមចែករំលែកព័ត៌មានទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នក បើសិនលោកអ្នកគិតថាមានប្រយោជន៍សម្រាប់ពួកគេ។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕